(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្រ្តីកសិកម្មទាំងអស់ មានភាពសកម្មក្នុងការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងសមិទ្ធផលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក ហើយឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ឬភាពមិនប្រក្រតីណាមួយ ឱ្យចំគោលដៅ និងច្បាស់លាស់។
ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធី បិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
លោករដ្ឋមន្រ្តី ឌិត ទីណា បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាល ខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ដើម្បីមានបានគឺជាការលំបាកមួយកម្រិតទៀត ដែលអគ្គនាយកដ្ឋាន និងមន្រ្តីក្រោមឱវាទត្រូវគិតគូរពិចារណាឱ្យបានស៊ីជម្រៅដោយផ្តោត ទៅលើភាពចំនេញសេដ្ឋកិច្ច តុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ ផែនការផលិតកម្មដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ ជាជាងការបង្កើនបរិមាណផលិតកម្មសត្វ ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ការងារសុខភាពសាធារណៈ គឺជាការងារចាំបាច់ដែលអគ្គនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស និងការផ្តល់សេវាកម្មថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព»។ ម្យ៉ាងវិញទៀត លោករដ្ឋមន្រ្តី បានលើកឡើងថា ការងារសុខភាពតែមួយ (One Health) ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំជាមួយក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ដែលជាដៃគូក្នុងការផ្តល់ផលប្រយោជន៍សុខភាព និងអនាម័យដល់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការងារវិនិយោគ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន សហការជាមួយវិស័យឯកជនគ្រប់ភាគីពាក់ព័ន្ធ និងអ្នកវិនិយោគទាំងអស់ ចូលរួមបើកទីផ្សារផលិតផលសាច់គ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយគិតគូរពីស្តង់ដាអនាម័យ ភូតគាមអនាម័យ គុណភាព រសជាតិ ស្របតាមនីតិវិធីត្រឹមត្រូវ និងបច្ចេកទេសនៃកិច្ចចរចាពាណិជ្ជកម្ម ដោយទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ផលចំនេញដល់សេដ្ឋកិច្ចជាតិ។
សម្រាប់ការរួមចំណែកកិច្ចការនយោបាយ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គពិធីត្រូវបង្កើនការចូលរួមឱ្យមានភាពសកម្ម ផ្សព្វផ្សាយនូវកិច្ចខិតខំ ប្រឹងប្រែងរបស់ ក្រសួងកសិកម្ម និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ព្រមទាំងឆ្លើយតប និងតបតរទៅនឹងព័ត៌មានក្លែងក្លាយ រឺភាពមិនប្រក្រតីណាមួយឱ្យចំគោលដៅ និងជាក់ស្តែងច្បាស់លាស់។
លោក ឌិត ទីណា បានសង្ឃឹមយ៉ាងមុតមាំចំពោះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត មានសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យ និងសុភមង្គលគ្រួសារ ក្រោមម្លប់ សុខសន្តិភាព៕