(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានបើកដំណើរការកម្មវិធី «សបា្តហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ» លើកទី៦។
ព្រឹត្តិការណ៍ សប្ដាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ ជាព្រឹត្តិការណ៍នៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាហកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែ។
ព្រឹត្តិការណ៍សប្ដាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ រៀបចំឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក Chen Cong អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា, លោក Zhai Yulongតំណាងគណៈកម្មការរៀប ចំសបា្តហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ និងជាប្រធានរដ្ឋបាលភាពយន្ត ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
ស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងឲ្យដឹងថា «ការរៀបចំព្រឹត្តិការណ៍ សប្ដាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦ពេលនេះ មិនត្រឹមតែជាសកម្មភាព នៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាហកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការពូនជុំនូវចំណងមិត្តភាព និងជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា ព្រមទាំងជាសកម្មភាពនៃ ការលើកកម្ពស់កិច្ចសន្ទនា ក្នុងវិស័យវប្បធម៌ និងកិច្ចសហប្រត្តិការយ៉ាងជិតស្និទ្ធ រវាងបណ្ដាប្រទេស ក្នុងអនុតំបន់ឡានឆាង-មេគង្គ»។
ស្រីបណ្ឌិតសភាចារ្យបានបន្ដថា ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា សូមគាំទ្រយ៉ាងមុតមាំ ចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ គ្នាលើវិស័យវប្បធម៌ រវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ស្របតាមគំនិតផ្តួចផ្តើមនៃ គោលនយោបាយយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការកសាងសហគមន៍វាសនារួម។
ស្រីបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ថ្មីៗនេះកិច្ចសហការ ក្នុងវិស័យភាពយន្តរវាងប្រទេសចិន និងប្រទេសក្នុងអាងទន្លេមេគង្គមានការវិវត្តរីកចម្រើន និងបានបន្តពង្រឹង និងលើកកម្ពស់ កាន់តែប្រសើរឡើង តាមរយៈគម្រោងសហប្រតិបត្តិការជាច្រើន ជាពិសេសក្នុងឆ្នាំ២០២៤នេះ ត្រូវបានកំណត់ថា ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន និងអាស៊ាន និយាយជារួម និងនិយាយដោយឡែក ជាឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន។
ស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងបញ្ជាក់ថា «ខ្ញុំសូមចាត់ទុកថា ការរៀបចំសប្ដាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌រវាងប្រទេស ក្នុងអនុតំបន់ឡានឆាង-មេគង្គ ជាពិសេសលើវិស័យភាពយន្ត និងជាការផ្តល់ឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្តបានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសរបស់យើងទាំងអស់គ្នា»៕