(តាកែវ)៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពី «ប្រជាពលរដ្ឋចំនួន៤គ្រួសារទាមទារកម្មសិទ្ធិដីធ្លីដែលមានទីតាំងនៅក្នុងភូមិបឹងសាទង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសូរិយោដីខេត្តតាកែវ បានចេញលិខិតបំភ្លឺជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួននៅក្នុងស្រុក ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ឱ្យជ្រាបពីករណីពិត។
បើតាមលិខិតបំភ្លឺរបស់មន្ទីរសូរិយោដីខេត្តតាកែវ នៅក្នុងអំឡុងពេល នៃការកំណត់ព្រំការវាស់វែងនិងប្រមូលទិន្នន័យក្បាលដី ប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ មិនបានមកចូលរួមវាស់វែងនិងកំណត់ព្រំដីនោះទេ គឺមានតែឈ្មោះ ខាន់ សាវេ តែម្នាក់ប៉ុណ្ណោះ បានមកបានមកចូលរួមវាស់វែងកំណត់ព្រំនិងវិនិច្ឆ័យជាមួយមន្ត្រីនៃគណៈកម្មាធិការរដ្ឋបាល។
ក្នុងអំឡុងពេល នៃការបិទផ្សាយជាសាធារណៈនៅឯកសារ នៃការវិនិច្ឆ័យភូមិបឹងសាទង ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋទាំង៤គ្រួសារនេះ ក៏មិនបានមកដាក់ពាក្យប្ដឹងជន ទាស់និងក្បាលដីលេខ ០៩៥៣ នោះដែរ។ ចំណែកមន្ទីររៀបចំដែនដី ក៏មិនធ្លាប់ទទួលបានដីការសម្រេចចាត់ចែងបណ្ដោះអាសន្នពីតុលាការដែរ។
បន្ទាប់ពីការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចប់ រយៈពេល១៥ថ្ងៃ គណៈកម្មាធិការរដ្ឋបាលបានបូកសរុបលទ្ធផល នៃការបិទផ្សាយជាសាធារណៈ ដាក់ជូនលោកអភិបាលខេត្តតាកែវពិនិត្យ និងសម្រេច ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋទូទាំងភូមិបឹងសាទងទាំងមូល ក្នុងនោះក៏មានក្បាលដីរបស់ឈ្មោះ ខាន់ សាវ៉េ ផងដែរ។
ករណីនេះបើភាគីដើមបណ្ដឹងមានបំណងទប់ស្កាត់ សូមយកដីកាសម្រេចចាត់ចែងបណ្ដោះអាសន្ន និងលិខិតផ្ទុកដាក់របស់តុលាការច្បាប់ដើម មកកាន់មន្ទីររៀបចំដែនដីខេត្តតាកែវ ដើម្បីចុះបញ្ជីតាមនីតិវិធីច្បាប់រៀង រាល់ម៉ោងធ្វើការ៕