(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ការចំណាយថវិកាលើការផ្សាយពាណិជ្ជកម្មផលិតផលទាំងអស់ ពោលទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើបមានប្រមាណ ១៧០លានដុល្លារ ដែលនេះគឺជាការផ្លាស់ប្តូរចរន្ត នៃការប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប។
ការឱ្យដឹងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពបើកសន្និសីទ ស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងបរិបទឌីជីថល និងការរីកចម្រើនយ៉ាងឆាប់រហ័សបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមានទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តីប្រឈមមុខនឹងការបាត់បង់ចំណូលពីការផ្សព្វ ផ្សាយពាណិជ្ជកម្ម ដែលនេះជាបញ្ហាប្រឈមស្រួចស្រាល់មួយដែលប្រព័ន្ធផ្សព្វផ្សាយកំពុងជួបប្រទះ ហើយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណមួយចំនួនបានបិទទ្វារ និងកំពុងប្រឈមនឹងបញ្ហា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងការសិក្សាអំពីការដាក់ផ្សាយពាណិជ្ជកម្ម យើងឃើញថា នៅឆ្នាំ២០១៦ ថវិកាចំនួន១១៦លានដុល្លារ ត្រូវបានចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មទៅលើប្រព័ន្ធ ផ្សព្វផ្សាយបុរាណ គឺវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ប៉ុន្តេ នៅឆ្នាំ២០២៤ ការចំណាយថវិកាលលើការផ្សាយពាណិជ្ជកម្ម គឺត្រឹមតែ៨០លានដុល្លារប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «យើងក៏មើលឃើញអំពីចរន្ត នៃការកើនឡើងការផ្សព្វផ្សាយពាណិជ្ជកម្មលើប្រព័ន្ធឌីជីថល នៅឆ្នាំ២០១៦ ការចំណាយថវិកាលើការផ្សាយពាណិជ្ជកម្មឌីជីថល ត្រឹមតែកន្លះ លានដុល្លារប៉ុណ្ណោះ នៅឆ្នាំ២០១៩ ក៏ប៉ុន្តែនៅឆ្នាំ២០២៤ ការចំណាយថវិកាលើផ្សាយពាណិជ្ជកម្មលើផលិតផលទាំងអស់ គឺមានប្រមាណ១៧០លានដុល្លារ នេះគឺជាការផ្លាស់ប្តូរចរន្តនៃការប្រើប្រាស់បណ្តាញ ប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប»។
រដ្ឋមន្ត្រីបានឱ្យដឹងថា ស្ថានីយផ្សព្វផ្សាយព័ត៌មានដែលមិនបានធ្វើសមារណកម្មរបស់ខ្លួនក្នុងបរិបទឌីជីថល គឺត្រូវតែប្រឈមមុខនឹងការបិទទ្វារ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលបានធ្វើសមារណកម្មឌីជីថល និងធ្វើកំណែទម្រង់ទាន់ពេលលោតចូលក្នុងឌីជីថល នឹងភ្ជាប់រវាងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលអាចធ្វើឱ្យមានលទ្ធភាពបន្តសកម្មភាពអាជីវកម្មរបស់ខ្លួន។ ក៏ប៉ុន្តែ ចំណុចនេះក៏យើងត្រូវមើលអំពីទឹកប្រាក់ដែលធ្លាក់ចូលទៅក្នុងពាណិជ្ជកម្ម ក៏មានការធ្លាក់ចុះដោយសារតែវិបត្តិសេដ្ឋកិច្ច ចំណុចនេះគឺជាស្ថានភាពរួមនៃប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន៕