(ភ្នំពេញ)៖ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត ដែលគេស្គាល់ថា ជាជើងខ្លាំងមួយរូបរបស់បក្សប្រឆាំងនៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បន្ទាប់ពីបក្សដេញអ្នកស្រីចេញពីបក្ស។ ផ្តើមចេញពីកំហឹងនៃការដេញចេញពីបក្សនេះ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត បានអំពាវនាវឱ្យអ្នកគាំទ្របក្សភ្លើងទៀនទាំងក្នុង និងក្រៅប្រទេស បញ្ឈប់ការគាំទ្របក្សនេះបន្តទៅទៀត។
គណបក្សភ្លើងទៀន ដែលមានអតីតភាពជាគណបក្សសមរង្ស៊ី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចលុបឈ្មោះអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចេញពីគណបក្ស។ ក្នុងលិខិតលុបឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ៊្សេត មិនបានបញ្ជាក់ពីមូលហេតុនោះទេ។ ប៉ុន្តែតាមប្រភពព័ត៌មានមួយចំនួនបានអះអាងថា ការលុបឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចេញពីបក្សភ្លើងទៀត ព្រោះការប្រព្រឹត្តខុសនឹងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស ក្នុងគ្រាឈ្មោះនៅជាសមាជិកបក្សភ្លើងទៀត តែទៅធ្វើសកម្មភាពបម្រើបក្សមួយផ្សេងទៀត គឺបក្សកម្លាំងជាតិ។
ផ្តើមចេញពីកំហឹងនៃការលុបឈ្មោះចេញពីបក្សនេះ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត បានអំពាវនាវឱ្យអ្នកគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសឈប់គាំទ្របក្សភ្លើងទៀតបន្តទៅទៀត។
«គណបក្សនេះ (បក្សភ្លើងទៀន) ពីដេីម ជាគណបក្សដែលល្អ តែក្រោមការគ្រប់គ្រងរបស់បក្ខពួកមេបច្ចុប្បន្ន បានបំផ្លាញស្មារតីដេីម បំផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់បក្សដែលជាគណបក្ស សម រង្ស៊ី ពួកអស់នេះធ្វេីការដកសកម្មជនណាដែលស្មោះត្រង់នឹងពលរដ្ឋ ដែលបម្រេីទុក្ខលំបាករបស់ពលរដ្ឋ ហេីយមិនចេះរណបគេ បង្ខិតបង្ខំសកម្មជនឱ្យទៅបោះឆ្នោតឱ្យគណបក្សផ្សេងដែលគេមិនស្រឡាញ់»។ នេះជាការបរិហាររបស់អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចំពោះការដឹកនាំរបស់គណបក្សភ្លើងទៀន។
ចាន់ពៅរ៉ូហ៊្សេត បានបន្តថា «មូលហេតុនៃការដកខ្ញុំដោយបំពានលក្ខន្តិកៈនេះ គឺក្រោយពីខ្ញុំគាំទ្រគណបក្សកម្លាំងជាតិ និងរកជំនួយជួយគណបក្សកម្លាំងជាតិ។ ក្រោយពីភ្លើងទៀនគេមិនឱ្យចូលប្រកួតមក ខ្ញុំសូមបញ្ជាក់ថា ពួកគេបានបង្ខំឱ្យសកម្មជនភ្លេីងទៀនទៅបោះឆ្នោតឱ្យបក្សផ្សេង ដែលជាបក្សដែលក្រុមពួកគេឈរឈ្មោះ តែបេីសកម្មជនរូបណាមិនស្តាប់តាមគេទេ ពួកគេគំរាមដកតួនាទី និងលុបឈ្មោះ»។
អ្នកស្រី ស៊ិន ពៅចាន់រ៉ូហ៊្សេត បច្ចុប្បន្នមានតួនាទីជាចៅសង្កាត់រងទី២ នៅសង្កាត់អូរចា មកពីគណបក្សភ្លើងទៀន។ អ្នកស្រីធ្លាប់បានឈ្នះឆ្នោតជាចៅសង្កាត់អូរចា ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧។ ប៉ុន្តែក្រោយគណបក្សសង្គ្រោះជាតិ រកឃើញថាប្រព្រឹត្តខុសច្បាប់ ហើយត្រូវតុលាការកំពូលរំលាយបក្សនេះចោល តួនាទីជាចៅសង្កាត់របស់អ្នកស្រី ស៊ិន ពៅចាន់រ៉ូហ៊្សេត ក៏ត្រូវបានបាត់បង់ដោយស្វ័យប្រវត្តិផងដែរ។
ស៊ិន ពៅចាន់រ៉ូហ៊្សេត ជាសមាជិកបក្សប្រឆាំងដ៏លេចធ្លោមួយរូបនៅក្នុងខេត្តបាត់ដំបង។ ការបញ្ឈប់ ស៊ិន ពៅចាន់រ៉ូហ៊្សេត ពីសមាជិកបក្សភ្លើងទៀន នាំឱ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា។
កន្លងទៅមានសមាជិកបក្សភ្លើងទៀនជាច្រើនរូប បានលាឈប់ពីគណបក្សនេះ ទៅចុះចូលជាមួយគណបក្សនយោបាយដទៃ រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។ នៅពេលឃើញសមាជិកបក្សភ្លើងទៀន ចុះចូលជាមួយបក្សកាន់អំណាចគេតែងចោទប្រកាន់សមាជិកនោះថាលក់ខ្លួនជាថ្នូរនឹងផលប្រយោជន៍ ដោយមិនបានមើលពីកម្សោយនៃការដឹកនាំរបស់បក្សប្រឆាំងនោះឡើយ។ ចុះនៅពេលនេះ សមាជិកដែលមានជំហររឹងមាំខ្លាំងដូចជា ស៊ិន ចាន់ពៅរ៉ូហ៊្សេត មកបរិហារការដឹកនាំបក្សភ្លើងទៀនបែបនេះ តើថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ នឹងត្រូវអត្ថាធិប្បាយបែបណា?
ការចែកផ្លូវគ្នារបស់អ្នកស្រី ស៊ិន ពៅចាន់រ៉ូហ៊្សេត ជាមួយគណបក្សភ្លើងទៀន ជាសញ្ញាបង្ហាញឱ្យឃើញថា ក្រុមប្រឆាំងដែលធ្លាប់រួមរស់ជាមួយគ្នាក្រោមដំបូលអតីតគណបក្សសង្គ្រោះជាតិ កំពុងតែបែកបាក់គ្នាខ្លាំងនាពេលបច្ចុប្បន្ន ព្រោះតែកម្សោយនៃការដឹកនាំ និងការប្រកាន់បក្ខពួកនិយមនៅក្នុងបក្ស៕