(កំពង់ស្ពឺ)៖ ក្រោយពលរដ្ឋ១២ឃុំ ក្នុងស្រុកកណ្តាលស្ទឹង ប្រតិកម្មរឿងទឹកបង្ហូរទឹកស្អុយចូលប្រឡាយនាំឱ្យពួកគាត់រងផលប៉ះពាល់, មន្ត្រីជំនាញក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យភ្លាមៗ និងបានសម្រេចឱ្យក្រុមហ៊ុន «ជីងលូ យ័ន» បញ្ឈប់ការបង្ហូរទឹកកខ្វក់ ចូលទៅក្នុងប្រឡាយ៦១ ជាបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍បច្ចេកទេសតាមដានជាថ្មី ពិសេសបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋអ្នករស់នៅក្នុងតំបន់និងជីវ:ចម្រុះ
លោក សារុន សំបូរ ប្រធាននាយកដ្ឋាននៃក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរោងចក្រ និងប្រព័ន្ធលូបង្ហូរកាកសំណល់រាវចេញពីរោងចក្រទៅក្នុងប្រឡាយលេខ៦១ ហើយបន្តធ្លាក់ចូលទៅក្នុងស្ទឹង ក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក សារុន សំបូរ បានលើកឡើងថា ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យតាមដានការអនុវត្តវិធានការកែប្រែបច្ចេកទេសលើការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់របស់សួនឧស្សាហកម្ម JIN LU YAUN ENERGY ENVIRONMENT PROTECTION CO.,LTD ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន១២ ក្នុងស្រុកកណ្តាលស្ទឹង។ ផលប៉ះពាល់នេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា មានការបង្ហូរកាកសំណល់រាវ (ទឹកកខ្វក់) ចូលទៅក្នុងប្រឡាយទឹក និងស្ទឹងនៅក្បែរនោះ។
មន្ត្រីក្រសួងបរិស្ថាន បានបន្តថា អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ពិសេសក្រសួងបរិស្ថាន ត្រូវចុះបន្ទាន់ទៅដល់ទីតាំងរោងចក្រ ហើយត្រូវរកឱ្យឃើញនូវមូលហេតុ ដែលបង្កឱ្យទឹកមានពណ៌ក្រម៉ៅ និងមានក្លិនស្អុយខ្លាំង ដែលមិនអាចប្រើប្រាស់ក្នុងការស្រោចស្រពផលដំណាំកសិកម្មបាន ពិសេសការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងសត្វផឹកផងដែរ។
ក្រោយការចុះពិនិត្យ ក្រុមការងារចម្រុះនៃអាជ្ញាធរខេត្ត និងស្រុកទាំង២ ដឹកនាំដោយក្រសួងបរិស្ថាន បានរកឃើញថា កាកសំណល់រាវដែលបង្ហូរចេញពីរោងចក្របោកគក់ខាងលើ ពិតជាបានបង្កឱ្យទឹកប្រឡាយ និងស្ទឹងប្រែជាខ្មៅ និងមានក្លិនស្អុយអូសាវែលទៅក្នុងទឹក ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសពលរដ្ឋក្នុងទាំង១២ ឃុំ ក្នុងស្រុកកណ្តាលស្ទឹង។
មូលហេតុនេះ ក្រសួងបានសម្រេចផ្អាកការបង្ហូរកាកសំណល់រាវ (ទឹកកខ្វក់) ចេញពីរោងចក្របោកគក់នេះជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យ និងទុកពេលឱ្យទឹក អាចវិលទៅរកសភាពដើម ប៉ុន្តែ រោងចក្រអាចដំណើរបានជាធម្មតា គ្រាន់តែការរៀបចំប្រព័ន្ធបច្ចេកទេសត្រួតពិនិត្យទឹកជាថ្មី៕