(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងសហការី ព្រមទាំងតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រី។

ជាលទ្ធផល បន្ទាប់ពីការពិភាក្សា និងការផ្តល់មតិយោបល់ពីអង្គប្រជុំ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានប្រគល់ភារកិច្ចជូនក្រសួងអធិការកិច្ច ដើម្បីធ្វើការសម្អាតចុងក្រោយតាមស្មារតីនៃកិច្ចប្រជុំ ដោយសហការជាមួយតំណាងក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច។

សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច គឺរៀបចំឡើងស្របតាមសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ និងសារាចរលេខ០៨ សរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំចង្អៀតគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី និងឆ្លើយតបទៅនឹងការបន្តអនុវត្តអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ សេចក្តីព្រាងអនុក្រឹត្យនេះ ក៏បានដាក់ឆ្លងកិច្ចប្រជុំជំនាញបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំអន្តរក្រសួងចង្អៀតផងដែរ៕