(ព្រះសីហនុ)៖ ស្របតាមរបៀបវារៈនៃកម្មវិធី «វេទិកាទាក់ទាញវិនិយោគមកក្នុងខេត្តព្រះសីហនុ» ដែលបានគ្រោងទុកនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៤, វិនិយោគិន ធុរជនបរទេស និងខ្មែរ នៅក្នុងប្រទេស និងក្រៅប្រទេស បានចូលរួមទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីសក្ដានុពលវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ។
វិនិយោគិន ធុរជនទាំងជាតិ និងអន្តរជាតិ បានចុះពិនិត្យ និងទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុន និងគម្រោងវិនិយោគសំខាន់ៗ តាមវិស័យអាទិភាពទាំង ៥ដូចជា ឧស្សាហកម្ម, ទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ភស្ដុភារកម្ម និងដឹកជញ្ជូន, ហិរញ្ញវត្ថុ ធនាគារ និងអចលនទ្រព្យ, និងកសិកម្ម និងការកែច្នៃម្ហូបអាហារ។
ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីវិនិយោគិន និងធុរជនបានស្តាប់បទបង្ហាញអំពីបរិយាកាសវិនិយោគ និងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមទាំងបានប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
វិនិយោគិន ធុរជន និងក្រុមសារព័ត៌មានប្រមាណ ១០០នាក់ បានធ្វើទស្សនកិច្ចដោយផ្ទាល់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេសហ្ស៊ីជាំង, ចំការដូងប្រេង និងកសិដ្ឋានចិញ្ចឹមជ្រូក បែបឧស្សាហកម្មរបស់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, មជ្ឈមណ្ឌលឡូជីស្ទិក អ៊ីអន (AEON Logi Plus), សណ្ឋាគារឯករាជ្យ ដែលជាគម្រោងធុរកិច្ចរបស់កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុបឯ.ក., គម្រោងសណ្ឋាគារផ្កាយ៥ និងអគារពាណិជ្ជកម្ម របស់ក្រុមហ៊ុនផឹនីនស៊្យូឡឺ បេ អ៊ិនវេសម៉ិន ឯ.ក (Peninsula Bay Investment CO., LTD), និង គម្រោង បេ អហ្វ ឡៃថ៍ (Bay of Lights) របស់ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន ឯ.ក (CANOPY SANDS DEVELOPMENT CO., LTD) ដោយបានស្វែងយល់កាន់តែច្បាស់ ពីសក្កដានុពលនៃការវិនិយោគ និងធុរកិច្ចនៃវិស័យសំខាន់ៗ ក្នុងខេត្តព្រះសីហនុសម្រាប់បច្ចុប្បន្ន និងអនាគត។
ជាក់ស្តែង វិនិយោគិន ធុរជនមួយចំនួន បានសម្តែងចំណាប់អារម្មណ៍លើនីតិវិធីនៃការវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស, ការនាំចេញ-នាំចូលតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការធ្វើធុរកិច្ចនៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ទស្សនកិច្ចសិក្សាបានបង្កើតកាលានុវត្តភាពសម្រាប់ស្វែងរកដៃគូសហការ និងការផ្សព្វផ្សាយអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅកាន់សមាគមន៍ធុរកិច្ច និងវិនិយោគបរទេស ព្រមទាំងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ពិសេសនៅខេត្តព្រះសីហនុថែមទៀតផង។
គួរបញ្ជាក់ជូនថា ការរៀបចំ «វេទិកាទាក់ទាញវិនិយោគមកក្នុងខេត្តព្រះសីហនុ»នេះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិតផ្ដួចផ្ដើមដ៏ប្រពៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ តាមរយៈការជំរុញ និងទាក់ទាញការវិនិយោគ, ការអភិវឌ្ឍឧស្សាហកម្ម, ការស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការដែលមានលក្ខណៈជាកញ្ចប់ ប្រទាក់ប្រឡា មុតស្រួច និងសាមញ្ញ៕