(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះប្រើប្រាស់ និងយកចិត្តទុកដាក់ទៅលើប្រព័ន្ធបច្ចេកវិទ្យា ដ្បិតថា សាកលលោកនេះ​ដើរទៅមុខលឿនណាស់ ដោយមិនអាចខ្វះបានឡើយប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះទន្ទឹមនឹងការសិក្សារៀនសូត្រ ប្អូនៗត្រូវយកចិត្តទុកដាក់ និងខំសិក្សាលើមុខជំនាញនេះឲ្យខ្លាំងដើម្បីជួយកសាងប្រទេសជាតិ​ឲ្យរីកចម្រើនទៅមុខជាលំដាប់។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤, លោកអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការអភិវឌ្ឍជាតិមាតុភូមិ កម្លាំងយុវជន និងកុមារជាកម្លាំងចលករមិនអាចខ្វះបាន និងជាកម្លាំងបន្តវេនហើយជាកម្លាំងមូលដ្ឋាន​គ្រឹះនៃភាពរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាតិ។ 

លោកអភិបាលខេត្ត បានបន្តថា ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើយុវជន និងកុមារ បើតាមគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយជីវិត ដែលមានចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមាន៖ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្តល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ។ ទន្ទឹមគ្នានេះការអប់រំបំណិនជីវិតនេះ ពិតជារួមចំណែកសំខាន់ ជាពិសេសសម្រាប់សិស្សានុសិស្សដែលជាវ័យមួយ ដែលត្រូវការការអភិវឌ្ឍខ្លាំងខាងផ្នែកបញ្ញា រាងកាយសង្គម ផ្លូវ ចិត្ត និងសមត្ថភាព។

អភិបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ សូមចូលរួមរក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ​សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងភាពធន់នៃវិស័យទាំង ៥ រួមមាន៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកំណែទម្រង់អភិបាលកិច្ច ដើម្បីធានាថារដ្ឋបាលសាធារណៈដំណើរការដោយប្រសិទ្ធភាព និងមានសុចរិតភាពខ្ពស់ ហើយត្រូវការការពារឱ្យបានដាច់ខាតនូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ជាមួយគ្នានេះលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា សកម្មភាពកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ»បានប្រព្រឹត្តទៅយ៉ាងជោគជ័យ​ដោយបានធ្វើកិច្ចពិភាក្សាពិសេសរបស់ប្រតិភូឆ្នើមនៃក្រុមប្រឹក្សាយុវជន-កុមារ ក្រោមប្រធានបទ៖ ១.កូនល្អ, ២.សិស្សល្អ, ៣. មិត្តល្អ, ៤.តួនាទីក្រុមប្រឹក្សាយុវជន, ៥.ពលរដ្ឋសកម្ម និង៦. តួនាទីដឹកនាំយុវជន និងកុមាររបស់គណៈគ្រប់គ្រងសាលារៀន។

ជាលទ្ធផលកិច្ចប្រជុំ អង្គភាព និងបុគ្គលមានស្នាដៃល្អលើការជំរុញ និងអនុវត្តដំណើរការការងារក្រុមប្រឹក្សាយុវជនកម្ពុជា ក្រុមប្រឹក្សាកុមារកម្ពុជា ដែលទទួលបាននូវស្នាដៃល្អ មានក្រុង-ស្រុកចំនួន៣ សាលាចំនួន៣ និងបុគ្គល ចំនួន ២៩១ នាក់៕