(ត្បូងឃ្មុំ)៖ ដោយមានការណែនាំពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ឃុន សុខា អនុរដ្ឋលេខាធិការ និងលោក នៃ ប៉ាត់ អនុរដ្ឋលេខាធិការ និងជាសមាជិកគម្រោងតំណាង លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោងបានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកពីក្រសួងមន្ទីរសាធារណការខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ចុះពិនិត្យសកម្មភាពអនុវត្តន៍សាកល្បង លើគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ ដោយក្រាល Geogrid ដោយប្រើប្រាស់ឧបករណ៍ FWD (Falling Weight Deflectometer) លើស្រទាប់ផ្លូវចាស់ និងចាក់ស្រទាប់បេតុងកៅស៊ូ Asphalt Concrete (AC) កម្រាស់ ៥សង់ទីម៉ែត្រ នៅចំណុចគីឡូម៉ែត្រ ១៥៣+៦៧៥ ទៅគីឡូម៉ែត្រ ១៥៣+៧៧៥ ក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការចុះពិនិត្យនេះបានធ្វើឡើងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមសហការដឹកនាំអនុវត្តដោយលោកបណ្ឌិត Byungsik Ohm និងលោកបណ្ឌិត Carlo Elipse មកពី វិទ្យាស្ថានវិស្វកម្មសំណង់ និងបច្ចេកវិទ្យាកូរ៉េ Korea Institute of Civil Engineering and Building Technology (KICT) មកពីប្រទេសកូរ៉េ និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងដំណើរបេសកកម្មនេះ គឺមានគោលបំណងប្រៀបធៀប ការអ៊ុតសាកល្បងនូវស្រទាប់ផ្លូវ ដែលប្រើប្រាស់ប្រភេទកៅស៊ូធម្មតា Asphalt Concrete (AC) និងក្រាលកៅស៊ូ Geogrid ដើម្បីវាយតម្លៃលើគុណភាពផ្លូវ តាមរយៈលទ្ធផលទិន្នន័យផ្លូវដែលបានធ្វើតេស្តរួច ដោយបានប្រើប្រាស់ឧបករណ៍ FWD (Falling Weight Deflectometer) និងយកលទ្ធផលទិន្នន័យដែលទទួលបានពីការធ្វើតេស្តសាកល្បងនេះ មកចែករំលែកជាបទពិសោធន៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងខាងវិទ្យាស្ថានកូរ៉េ ផងដែរ៕