(ភ្នំពេញ)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ស.ស.យ.ក នឹងមានការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅសួនច្បារទល់មុខព្រះបរមរាជវាំង នារាត្រីថ្ងៃឆ្លងឆ្នាំ។
លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា «សាទរកម្ពុជា» គឺជាព្រឹត្តិការណ៍ក្នុងការសាទររបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើ អត្តសញ្ញាណជាតិខ្មែរ មោទនភាពខ្មែរ និងអបអរសាទរនូវរាល់សមិទ្ធផលរបស់ខ្មែរដែលបានខិតខំប្រឹងប្រែងកន្លងមក។
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនឲ្យបានជ្រាបកាន់តែច្បាស់អំពី ព្រឹត្តិការណ៍«សាទរកម្ពុជា»។ ព្រឹត្តិការណ៍ដ៏ធំនេះ គឺជាលើកដំបូងបង្អស់សម្រាប់កម្ពុជា ក្នុងឱកាសនៃថ្ងៃបំណាច់ឆ្នាំ ដែលនឹងចាប់ផ្ដើមនៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ៦៖០០ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
បើតាមលោក សុខ សប្បាយណា, ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងមានការតាំងលម្អ រចនាតុបតែង និងផ្សាភ្ជាប់គំនិតច្នៃប្រឌិតសិល្បៈបុរាណ និងសហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយា នៃព្រះបរមរាជវាំង។ ការតុបតែងនេះ នឹងក្លាយជាទីតាំងមួយដើម្បីរំលឹកដល់បណ្តាល្បែងកម្សាន្ដប្រជាប្រិយនាទសវត្សទី៩០ (ឧទាហរណ៍ ល្បែងលេងលោតមឹក) ដែលជាតំណាងដល់ទឹកចិត្តសប្បាយរីករាយនៃយុវភាពកម្ពុជា ទោះក្នុងដំណាក់កាលលំបាកផ្នែកសេដ្ឋកិច្ច និងនយោបាយ។
នៅវេលាអស្តង្គត ព្រឹត្តិការណ៍នេះនឹងរៀបចំក្បួនដង្ហែសាទរកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ៣,០០០នាក់ដោយចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ ផ្លូវ១៤៤ និងវិថីព្រះស៊ីសុវត្ថិមកកាន់សួនច្បារមុខព្រះបរមរាជវាំង។ ការសាទរកម្ពុជាជាមួយគ្នា ក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។
សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកល។
កម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជាគឺ «ក្បួនដង្ហែទង់ជាតិកម្ពុជា» ដែលជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួមសាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួមសាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ ជាមួយគ្នានេះក៏មានការបង្ហាញនូវម្ហូបអាហារមកពី២៥ខេត្ត-ក្រុងផងដែរ៕