(វៀតណាម)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមក្នុងពិធីបើកពិព័រណ៍ការពារជាតិអន្តរជាតិ វៀតណាម២០២៤ (Vietnam International Defence Expo 2024) ដែលបានប្រព្រឹត្តិទៅនៅព្រលានយន្តហោះហ្សាលឹម (Gia Lam) រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

នេះជាពិព័រណ៍លើកទីពីរ ដែលក្រសួងការពារប្រទេសវៀតណាម បានរៀបចំឡើង ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ និងជួយសម្រួលដល់ការផ្លាស់ប្តូរសមិទ្ធិផល និងការស្រាវជ្រាវ ការយល់ដឹង ក៏ដូចជាការរីកចំរើនក្នុងផលិតកម្ម ឧស្សាហកម្មការពារជាតិ។

ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបើកពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងប្រតិភូអមដំណើរ ដែលព្រឹត្តទៅនៅវៀតណាម និងចូលជួបសម្តែងការគួសមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Văn Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយបណ្តារដ្ឋមន្ត្រីការពារជាតិ និងបណ្តាលប្រធានគណៈប្រតិភូ ដែលបានចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម២០២៤៕