(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រីវិស័យ កសិកម្ម-ទឹក-ជនបទ បានទទួលរៀបចំកិច្ចប្រជុំលើកទី៣ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយមានវត្តមានចូលរួមពីសំណាក់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងប្រតិភូនៃក្រុមការងារអន្ដរក្រសួង និងមន្ដ្រីជំនាញនៃក្រសួងទាំង៣ផងដែរ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនអង្គប្រជុំថា កិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការងារសម្របសម្រួលអនុវត្តន៍កម្មវិធីនយោបាយ និងសកម្មភាព ដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដែលនឹងបន្តពង្រឹងកិច្ចសហការរវាងក្រសួងទាំង៣ ដើម្បីលើកកម្ពស់កែលម្អជីវភាពរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែប្រសើរឡើង ក៏ដូចជាចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕