(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឆ្លុះបញ្ចាំងឱ្យឃើញថា បរិស្ថាននិងធម្មជាតិនៅប្រទេសកម្ពុជាគឺពិតជាល្អណាស់ កម្ពុជាមិនមែនជាប្រទេសដែលបំផ្លាញបរិស្ថានរបស់ភពផែនដីនោះទេ ប៉ុន្តែប្រទេសឧស្សាហកម្មជឿនលឿនទាំងនោះទៅវិញទេ ដែលបំផ្លាញបរិស្ថានភពផែនដីច្រើនជាងគេ។

ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើឡើងនាសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ស្ដីពីតម្លៃវប្បធម៌ឥណ្ឌូប៉ាស៊ីហ៊្វិក៖ វប្បធម៌សន្ដិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដែលធ្វើឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនោះ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ភាពសម្បូរបែបរបស់មនុស្ស គឺធ្វើឱ្យមានការបំផ្លាញធម្មជាតិ។ លោកបានរំឭកពីការទាញយកនិងប្រើប្រាស់ធ្យូងថ្ម ហ្កាសឥន្ធនៈ ប្រេងឥន្ធនៈ ហើយក្រោយមកទៀតមានការជីករកត្បូង រកពេជ្រ រកមាសនៅក្រោមដី អស់ពីខាងក្រោមដី មនុស្សក៏ចាប់ផ្ដើមស្រាវជ្រាវក្នុងលម្ហអវកាស តួយ៉ាងដូចជាការរកឃើញឧស្ម័នផ្ទះកញ្ចក់ ដែលបានធ្វើឱ្យពន្លឺថ្ងៃមិនអាចបាញ់ចូលមកផែនដីបាន ហើយនាំទៅដល់បម្រែបម្រួលអាកាសធាតុ សីតុណ្ហភាព នាំឱ្យមានមហន្តរាយដល់ធម្មជាតិនៅលើផែនដី។

លោកបណ្ឌិតសភាចារ្យបានបន្តថា បញ្ហាទាំងអស់នេះ មនុស្សបានដឹង អ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រទាំងនោះសុទ្ធតែបានដឹង តែព្រោះតែដើម្បីប្រយោជន៍របស់ខ្លួន ក៏បានបំភ្លេចនូវសីលធម៌ និងមិនគិតពីផលប៉ះពាល់ដល់ភពផែនដី។ ដូច្នេះបញ្ហាដ៏ចម្បងនេះ គឺជារឿងដែលយើងជាមនុស្សជាតិត្រូវតែគិតគូរ ត្រូវយល់ដឹងទាំងអស់គ្នា និងជួយសង្គ្រោះធម្មជាតិឡើងវិញ។

លោកបណ្ឌិតសភាចារ្យបានបញ្ជាក់ដែរថា «កម្ពុជាក៏ជាប្រទេសមួយដែលមានបរិស្ថាននិងធម្មជាតិល្អដែរ.....កម្ពុជាមិនមែនជាប្រទេសដែលបំផ្លាញបរិស្ថានរបស់ភពផែនដីនោះទេ»។ ក្នុងសម័យទំនើបនេះ ប្រទេសឧស្សាហកម្មរីកចម្រើនជាច្រើនបានបំពុលបរិស្ថាន រួមទាំងការកាប់បំផ្លាញព្រៃឈើ ការចោលសំណល់ប្លាស្ទិកជាដើម។ លោកបានដាស់តឿនដល់យុវជនសូមយកចិត្តទុកដាក់លើបញ្ហាសំរាម សំណល់ប្លាស្ទិក ដើម្បីបរិស្ថានស្អាត។

លោកបន្ថែមថា ដើម្បីកុំឱ្យប្លាស្ទិកចូលប្រទេសកម្ពុជា គឺពង្រឹងនៅច្រកគយ ច្រកព្រំដែនកុំឱ្យផលិតផលថង់ប្លាស្ទិកចូលមកក្នុងប្រទេស ព្រោះកម្ពុជាគ្មានរោងចក្រផលិតថង់ប្លាស្ទិកនៅឡើយទេ ប្រជាជនអាចប្រើប្រាស់ស្លឹកឈូក ចានស្រៈ ឬផលិតសិប្បកម្មដែលអាចដាក់របស់របរបាន ជាសម្ភារវេចខ្ចប់ជំនួសប្លាស្ទិកបានដែរ។

លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ថ្វីដ្បិតភពផែនដីគ្មានវិញ្ញាណ ប៉ុន្តែការបំផ្លិចបំផ្លាញផែនដីពីសំណាក់មនុស្ស នឹងនាំគ្រោះមហន្តរាយធំៗមកលើមនុស្សវិញ តួយ៉ាងមានគ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង ព្យុះ ទឹកជំនន់ ខ្យល់ពុល កម្ដៅកើនឡើង ខូចប្រព័ន្ធអេកូឡូស៉ីជាដើម៕