(សៀមរាប)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានដឹកនាំវេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី៣០ (DRR) ក្រោមប្រធានបទ «ការពង្រឹងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងភាពធន់ទៅនឹងអាកាសធាតុនៅកម្ពុជា» ក្រោមអធិបតីភាពលោក ឃុន សុខា អគ្គលេខាធិការរង គ.ជ.គ.ម. តំណាងលោក គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។
វេទិការខាងលើបានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រីពាក់ព័ន្ធគ្រប់នាយកដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. ក្រសួង ស្ថាប័ន អង្គការដៃគូ វិស័យឯកជន យុវជនកាកបាទក្រហមកម្ពុជា តំណាងជនជាតិភាគតិច និងសាកលវិទ្យាល័យ សរុបប្រមាណ១០០នាក់។
លោក ឃុន សុខា បានឱ្យដឹងថា ដើម្បីពង្រឹងការសម្របសម្រួលនឹងកម្មវិធីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រដ្ឋាភិបាលកម្ពុជាតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយអង្គការអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល រៀបចំវេទិកា DRR នេះចំនួន២៩លើករួចមកហើយ រហូតមកដល់បច្ចុប្បន្ន។
លោកបានបន្តថាវេទិកា ទាំងនេះបម្រើជាវេទិកាសំខាន់សម្រាប់ការបង្កើនទំនាក់ទំនង និងជំរុញភាពជាដៃគូក្នុងចំណោមអ្នកអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅទូទាំងប្រទេស។ ជាក់ស្តែង នៅថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤នេះ គ.ជ.គ.ម. បានធ្វើជាម្ចាស់ផ្ទះនៃវេទិកាលើកទី៣០ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងគំនិតផ្តួចផ្តើមដែលកំពុងបន្តនេះ ហើយវេទិកានីមួយៗត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពវិវត្តនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលកំពុងប្រឈមនៅក្នុងតំបន់។
លោកក៏បានបញ្ជាក់ថា នៅក្នុងវេទិកា DRR លើកទី៣០ នេះមានគោលដៅសំខាន់ៗចំនួន៣ រួមមាន៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ កសាងទំនាក់ទំនងនិងភាពជាដៃគូដ៏រឹងមាំក្នុងចំណោមភាគីពាក់ព័ន្ធនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (DRM) រួមទាំងស្ថាប័នរបស់រដ្ឋាភិបាល វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍។ តាមរយៈការបង្កើតទំនាក់ទំនងទាំងនេះ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយហានិភ័យគ្រោះមហន្តរាយ។
២. យុទ្ធសាស្ត្របច្ចុប្បន្ន៖ វេទិកានេះនឹងបង្ហាញអំពីយុទ្ធសាស្ត្ររួម និងបង្កើតគោលដៅអាទិភាពសម្រាប់ការសម្រេចបាននូវសកម្មភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់ត្រូវបានតម្រឹម និងធ្វើការឆ្ពោះទៅរកគោលបំណងរួម។
៣. ការចែករំលែកធនធាន៖ លើកកម្ពស់ការយល់ដឹងកាន់តែប្រសើរឡើងក្នុងចំណោមដៃគូ ទាក់ទងនឹងធនធាន សមត្ថភាព បច្ចេកទេស បទពិសោធន៍របស់ពួកគេ និងការរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះគំនិតផ្តួចផ្តើមនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដើម្បីបង្កើនប្រសិទ្ធភាពជាអតិបរមានៃកិច្ចខិតខំប្រឹងប្រែងរួម បង្កើនការយល់ដឹងអំពី DRR និងការបន្សំការប្រែប្រួលអាកាសធាតុ៕