(ភ្នំពេញ)៖ សារមន្ទីរខ្លែងខ្មែរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងត្រៀមខ្លួនរៀបចំ «ពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» ក្នុងគោលបំណងផ្តល់ជូនសាធារណជន បានស្វែងយល់ អំពីសិប្បកម្មប្រពៃណីតាមសហគមន៍នានា ក្នុងប្រទេសកម្ពុជា។

ពិព័រណ៍នេះ ក៏មានបំណងរៀបចំ បង្ហាញជូនសាធារណជន បានឈ្វេងយល់ពីស្នាដៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និងអបអរសាទរក្រមា ឬកន្សែងប្រពៃណីខ្មែរ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់កម្ពុជា ចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។

លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍវប្បធម៌ និងជាប្រធានសារមន្ទីរខ្លែងខ្មែរ បានឲ្យដឹងថា បទបង្ហាញស្តីពីក្រមា ក៏នឹងត្រូវបង្ហាញជូនជាពិសេសតែម្តង។ សាធារណជន អាចចូលរួមទស្សនាដោយសេរី ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩៖០០នាទីព្រឹក ដល់ម៉ោង ៨៖៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិព័រណ៍នេះដែរ មានកម្មវិធីសំខាន់ៗដូចជា ការបង្ហាញជំនាញរបស់សិប្បករ, កម្មវិធី ស្វែងយល់ ពី សិប្បកម្មប្រពៃណី, បទបង្ហាញអំពីសិល្បៈកាច់ផ្កា ចាក់ស្មុក ដេរប៉ាក់ លម្អក្រណាត់ សិល្បៈគំនូរ ចម្លាក់ ផាត់ពណ៌, ការស្វែងយល់អំពីមរតកខ្លែងខ្មែរ និងគំនិតច្នៃប្រតិដ្ឋ, បទបង្ហាញអំពីជំនាញវិជ្ជាជីវៈដូនតា, ការបង្ហាញទេពកោសល្យសិល្បៈកុមារ, ការស្វែងយល់អំពីតម្បាញក្រមា និងវប្បធម៌ខ្មែរ, ការបង្ហាញបច្ចេកទេសបុរាណក្នុងវិជ្ជាស្មូនក្អម-ឆ្នាំង, ការបង្ហាញម៉ូតសម្លៀកបំពាក់ច្នៃប្រតិដ្ឋពីក្រមា, ការសម្តែងឧបករណ៍តន្រ្តីទោល និងការប្រគំតន្ត្រី ចម្រៀង រាំកម្សាន្ត។

សូមជម្រាបថា ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។

ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។ ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុដែលបង្ហាញពីអត្តសញ្ញាណជាតិ៕