(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី ការធ្វើឱ្យប្រសើរឡើងនូវការវាយតម្លៃគុណភាពផ្លូវ ដោយប្រើប្រាស់ឧបករណ៍ Falling Weight Deflectometer - FWD ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកបណ្ឌិតសាស្រ្តាចារ្យ និងមន្រ្តីពាកព័ន្ធជាច្រើនរូបផងដែរ។

កម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលាផ្នែកបច្ចេកទេស គឺជាការងារស្នូលដ៏សំខាន់មួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្នូវថ្នល់ នៃវិស័យសាធារណការ និងដឹកជញ្ជូន។

កម្មវិធីបណ្តុះបណ្តាល នេះ ក៏ដេីម្បីធ្វេីឱ្យស្របទៅនឹងការរីកចម្រើនសកលផ្នែកបច្ចេកវិទ្យាសម័យទំនើប រួមទាំងវិធីសាស្រ្តសាងសង់ ការប្រើប្រាស់សម្ភារ និងគ្រឿងចក្រ ដើម្បីអនុវត្តការងារស្ថាបនា ស្តារ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របទៅនឹងតម្រូវការប្រើប្រាស់ និងការរីកចម្រើននៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រទាក់ក្រឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការបែងចែកផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសមធម៌ ដើម្បីបានគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕