(ហ្សឺណែវ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងការចេញផ្សាយព័ត៌មានដែលមានលក្ខណៈបំភាន់ ចុះផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សពាក់ព័ន្ធនឹងការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ។

បើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញ Fresh News ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានផ្តល់នូវការសង្កេតជាតថភាពមួយចំនួនដូចតទៅ៖

ទី១៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សអង្គរត្រូវបានតាំងទីលំនៅថ្មីដោយគោលការណ៍ស្ម័គ្រចិត្ត ហើយកិច្ចខិតខំប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវជីវភាពសមរម្យចំពោះប្រជាពលរដ្ឋ។ ពុំមាន «ការបណ្តេញចេញដោយបង្ខំ» ឬ «ការផ្លាស់ទីលំនៅដោយបំពាន» ដូចដែលបានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញនេះទេ។ ដោយសារខ្វះការទទួលបានព័ត៌មាន ឬចេតនាមិនអើពើនឹងការពិតទាំងស្រុង ក្រុមអ្នកជំនាញនេះបានធ្វើការអះអាងមិនត្រឹមត្រូវ និងគ្មានការទទួលខុសត្រូវ។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជាខិតខំផ្តល់ជូននូវលំនៅឋានសមរម្យ និងជីវភាពកាន់តែប្រសើរឡើង ដល់គ្រួសារក្រីក្រនៅទូទាំងប្រទេស ដូចជាតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ចជាដើម។ កម្មវិធីនេះក៏អនុវត្តដូចគ្នាចំពោះប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរដែលបានយល់ព្រម តាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកតេជោសែន និងពាក់ស្នែង។ ផែនការតាំងទីលំនៅថ្មីនេះអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាធរមានទាំងអស់ ពាក់ព័ន្ធនឹងការកំណត់ និងការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក សៀមរាប-អង្គរ ព្រមទាំងលិខិតូបករណ៍ច្បាប់អន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគី រួមមានអនុសញ្ញាបេតិកភណ្ឌពិភពលោក និងគោលការណ៍ណែនាំប្រតិបត្តិការសម្រាប់ការអនុវត្តអនុសញ្ញានេះផងដែរ។

ទី៣៖ ការចោទប្រកាន់ថា ការបណ្តេញចេញដោយបង្ខំ និងការតាំងទីលំនៅថ្មី ដោយគ្មានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ» «ដោយពុំបានផ្តល់លទ្ធភាពពិភាក្សាអំពីជាមើសសម្រាប់ការផ្លាស់ទីលំនៅថ្មី» ឬ «ដោយគ្មានការផ្តល់ជូនជំនួសមកវិញឱ្យបានគ្រប់គ្រាន់ គឺជាការបំភាន់ទាំងស្រុង។ អាជ្ញាធរកម្ពុជានៅគ្រប់លំដាប់ថ្នាក់ខិតខំធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ ដែលក្នុងនោះបានធ្វើការប្រជុំ និងពិគ្រោះយោបល់ជាមួយភាគី និងសហគមន៍ពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងពន្យល់អំពីភាពចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីធានាការ អភិរក្សឱ្យមានប្រសិទ្ធិភាព ស្របជាមួយនឹងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន ក្នុងតំបន់។ ពលរដ្ឋភាគច្រើនមានសេចក្តីរីករាយ ក្នុងការទទួលយកដំណោះស្រាយរបស់ រាជរដ្ឋាភិបាល។ ផ្ទុយពីការចោទប្រកាន់នេះ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទៅកាន់ ទីតាំងថ្មី បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ទទួលបាននូវសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចាំចាច់ រួមមាន៖ ផ្លូវ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្សារ ដែលត្រូវបានសាងសង់សម្រាប់ពួកគាត់។

ទី៤៖ ពុំមានការយាយី ការគំរាមកំហែង ឬក៏អំពើហិង្សាក្នុងការបណ្តេញចេញ និងការផ្លាស់ទីលំនៅ ថ្មីដោយបង្ខំ ដូចដែលបានចោទប្រកាន់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនោះឡើយ។ ប៉ុន្តែ ការផ្លាស់ទីលំនៅត្រូវបានធ្វើឡើងតាមគោលការណ៍ស្ម័គ្រ ចិត្តសម្រាប់លំនៅឋានសមរម្យ និងជីវភាពកាន់តែប្រសើរ។ ពុំមានវិធានការបង្ខិតបង្ខំ ដោយអាជ្ញាធរ ក្នុងការបង្ខំប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់អង្គរឡើយ។ វិធានការណ៍ខ្លះ គឺគ្រាន់តែអនុវត្តឡើងទៅលើជនអនាធិបតេយ្យ ដែលចូលកាន់កាប់ដីដោយខុសច្បាប់ ក្នុងតំបន់អភិរក្សអង្គរ ដែលនេះជារឿងទូទៅនៅគ្រប់ប្រទេសលើសកលលោក។

ទី៥៖ ជាការពិត ផែនការផ្លាស់ទីលំនៅថ្មីនេះគឺផ្អែកលើជំរឿនឆ្នាំ២០០៤ របស់ប្រជាពលរដ្ឋក្នុង ភូមិទាំងអស់នៅក្នុងតំបន់អង្គរ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងតំបន់អភិរក្សនឹងវិធានការការពារអ្នកស្រុកអង្គរ។ ប្រជាពលរដ្ឋដែលបានចុះបញ្ជីនៅក្នុងជំរឿនឆ្នាំ២០០៤ មិនត្រូវបានរាប់បញ្ចូលក្នុងផែនការផ្លាស់ទីលំនៅនោះទេ ទោះបីជាយ៉ាងនេះក្តីរាជរដ្ឋាភិបាល នៅតែទទួលយកពាក្យសុំផ្លាស់ទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកតេជោសែន និងពាក់ស្នែង ដែលពួកគាត់ទទួលបាននូវកម្មសិទ្ធិដីធ្លី នៃលំនៅដ្ឋានថ្មីពេញលេញ។ អ្នកស្រុកនៅតំបន់អង្គរ មិនមែនជាជនជាតិដើមភាគតិចទេ ដោយឡែកពួកគាត់គឺជាពលរដ្ឋខ្មែរ ដែលបានមករស់នៅក្នុងតំបន់អភិរក្សអង្គរជាយូរមកហើយមុនឆ្នាំ២០ ហើយពួកគាត់ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃបេតិកភណ្ឌមានជីវិតជាព្រលឹងនៃប្រាសាទ ដែលទទួលបានការគាំពារ និងលើកទឹកចិត្តពីរដ្ឋ។

ទី៦៖ ជំនួសការអំពាវនាវគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងរដ្ឋសមាជិកឱ្យថ្កោលទោសកម្ពុជានោះ អ្នកជំនាញសិទ្ធិមនុស្សគួរតែជំរុញដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាវិញ ក្នុងការលើកកម្ពស់ការការពារ បេតិកភណ្ឌអង្គរ ស្របគ្នានឹងការធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានលំនៅឋាន សមរម្យ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងសេវាសាធារណៈ ព្រមទាំងជីវភាពរស់នៅកាន់តែប្រសើរនៅក្នុងតំបន់អភិវឌ្ឍន៍ រុនតាឯកតេជោសែន និងពាក់ស្នែង។

ទី៧៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ទទូចឱ្យអ្នកជំនាញប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់នីតិវិធីពិសេស របស់អ្នកកាន់អាណត្តិ ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលអាចបកស្រាយថាជាការជ្រៀតជ្រែកក្នុងយុត្ថាធិការក្នុងស្រុករបស់កម្ពុជា៕