(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញណែនាំលើកទឹកចិត្ដដល់គណៈកម្មាធិការកណ្ដាល មន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ដ ពិសេសក្រុមមន្ដ្រីប្រតិបត្ដិទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារមនុស្សធម៌ឱ្យកាន់តែក្លៀវក្លាវបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យកាន់តែទាន់ពេលវេលានិងចំគោលដៅ ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត គ្រប់រូបភាព និងគ្រប់ទីកន្លែង ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ដើម្បីឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបសកម្មភាពការងារ ឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥ រួមទាំងបញ្ហាផ្សេងៗ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ក្នុងរយៈពេល១ឆ្នាំ ២០២៤នេះ សហការីយើងទាំងអស់បានបំពេញការងារយ៉ាងចិត្ដទុកដាក់ ក្នុងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត បានយ៉ាងល្អ និងទាន់ពេលវេលា ថែមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតជូនប្រជាជនកម្ពុជាយើង តាមរយៈសកម្មភាពផ្សេងៗដូចជាការចុះអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាព នៅតាមសាលារៀន រោងចក្រ មន្ទីរពេទ្យ និងសហគមន៍ជាដើម។ ជាពិសេសផែនការការងារដែលសមាគមជាតិបានដាក់ចុះមក យើងបានអនុវត្ដន៍ និងទទួលបានលទ្ធផលយ៉ាងល្អ លើសពីការរំពឹងទុករបស់សហព័ន្ធទៅទៀត មិនថាលើការងារមនុស្សធម៌ និងការលើកកម្ពស់ជីវភាព និងសុខភាព តួយ៉ាងលើបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សុខភាពមាតា និងទារក ជំងឺឆ្លង និងមិនឆ្លងនានា ពិសេសការកើនឡើងនូវកម្លាំងយុវជន អ្នកស្ម័គ្រចិត្ដ និងសមាជិកកិត្ដិយសជាដើម»។
ទោះបីការងារកន្លងមកនេះ កាកបាទក្រហមកម្ពុជា បានឆ្លើយតបបានយ៉ាងទាន់ពេលវេលា ហើយទទួលបានការស្ងើចសរសើរពីសហព័ន្ធអន្ដរជាតិ ឬឆាកអន្ដរជាតិក្ដី ក៏យើងមិនត្រូវភ្លេចខ្លួន គឺត្រូវបន្ដខិតខំប្រឹងប្រែងសហការគ្នា សាមគ្គីភាពគ្នាជាធ្លុកមួយ ក្ដាប់ការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបំពេញការងារនៅឆ្នាំក្រោយៗទៀត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាបន្ដបន្ទាប់ ដើម្បីធានាថាយើងមិនបានទុកឱ្យពលរដ្ឋយើងណាម្នាក់ដែលខ្វះខាត មិនទទួលបានការជួយសម្រាលការលំបាកនោះទេ។
បច្ចុប្បន្នជំងឺមិនឆ្លងកំពុងតែជាបញ្ហាសុខភាពសាធារណៈដ៏ធំនៅកម្ពុជា ក៏ដូចជានៅលើសកលោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ។សម្រាប់នៅកម្ពុជា ជំងឺមិនឆ្លងបានសម្លាប់ប្រជាពលរដ្ឋយើងប្រមាណ ជាង ៦ពាន់នាក់ជារៀងរាល់ឆ្នាំ ខណៈដែលជំងឺនេះអាចបង្ការ និងការពារបាន ដូច្នេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជំរុញដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ដ្រីក្រុមប្រតិបត្ដិផ្ទាល់ជាមួយប្រជាពលរដ្ឋ បន្ដអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងបន្ថែម។ សម្រាប់ធនធានមនុស្សវិញ គឺស្នើឱ្យសហការីទាំងអស់ ត្រូវយកចិត្ដទុកដាក់ ពង្រឹង និងពង្រីកសមត្ថភាពយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ពិសេសសិស្ស ឬនិស្សិតរូបណា ដែលចង់រៀនតែពុំមានលទ្ធភាព ត្រូវតែឧបត្ថម្ភគាំទ្រ ឱ្យបានរៀនសូត្រចប់ចុង ចប់ដើម។ ចំណែកឯកប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀត ដូចជាគ្រួសាររងគ្រោះដោយសារមីន គ្រួសារយោធិនពិការ គ្រួសារអតីតយុទ្ធជន ស្នើឱ្យយកចិត្ដទុកដាក់បន្ថែមទៀតក្នុងការជួយសម្រួលលើជីវភាព ដោយត្រូវបន្ដផ្ដល់ប្រាក់កម្ចីពុំមានការប្រាក់ជូនដល់ពួកគាត់ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ ដូចជាយកទៅបង្កើត ឬបង្កើនមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ មានដូចជា លក់ដូរ ចិញ្ចឹមសត្វ កាត់ដេរ ធ្វើស្រែចំការ និងមុខរបរផ្សេងៗទៀត។
សូមជម្រាបថា ក្នុងរយៈពេល ១ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការជាក់ស្ដែងនៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋបំផុតបាន ៣៩,០៤៧គ្រួសារ (ថ្នាក់កណ្ដាល ១៥,៤៧២គ្រួសារ និងសាខា ២៣,៥៧៥គ្រួសារ។ សម្រាប់លើការងារលើកកម្ពស់សុខភាពសាធារណៈ ពិសេសចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារ និងលុបបំបាត់ជំងឺឆ្លង -ជំងឺមិនឆ្លង អន្ដរាគមន៍សុខភាពគ្រាអាសន្ន សុខភាពមនុស្សចាស់ សុខភាពផ្លូវចិត្ដ សង្គ្រោះបឋម និងការលើកកម្ពស់សុខភាពសហគមន៍ ក្នុងនោះកាកបាទក្រហមកម្ពុជា នៅតែបន្ដផ្ដល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា លើកទី៧ និងជាលើកទី១៣ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា រួមទាំងថវិកា៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរជាលើកទី៧ និងបានធ្វើសកម្មភាពលើកកម្ពស់សុខភាពតាមរូបភាពផ្សេងៗជាច្រើនទៀត។ ចំណែកគ្រួសាររងគ្រោះដោយសារមីន គ្រួសារយោធិនពិការ គ្រួសារអតីតយុទ្ធជន កាកបាទក្រហមកម្ពុជា បានបន្ដជួយតាមរយៈការផ្ដល់ប្រាក់កម្ចីពុំមានការប្រាក់ ដែលគិតចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បានផ្ដល់ប្រាក់កម្ចីពុំមានការប្រាក់ សរុបចំនួន ៩,០៤០គ្រួសារ។
ក្រៅពីកិច្ចការងារខាងលើនេះ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នឈានមុនគេខាងវិស័យមនុស្សធម៌តែមួយគត់នៅកម្ពុជា គឺបានចូលរួមចំណែកជាច្រើនទៀត ក្នុងការជួយលើកកម្ពស់ជីវភាព សុខភាព និងធនធានមនុស្សនៅកម្ពុជា ដែលអនុវត្ដទៅតាមយុទ្ធសាស្ដ្រ ដែលមានកម្រងច្បាប់ រចនាសម្ព័ន្ធត្រឹមត្រូវ មានធនធានមនុស្សទាំងថ្នាក់កណ្ដាល សាខា អនុសាខា និងមានកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្ដ តាមភូមិ អនុវត្ដការងារតាមវិស័យអាទិភាពទាំង៤ ៖ ១) វិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្ដរាយ វិបត្ដិភ័យ និងការប្រែប្រួលអាកាសធាតុ, ២) វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣)វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង៤) វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន។
សម្រាប់ភាពជោគជ័យលើការការងារមនុស្សធម៌ជាបន្ដបន្ទាប់មកដល់ថ្ងៃនេះ គឺដោយសារកាកបាទក្រហកម្ពុជា មានព្រះវត្ដមាន សម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ ប្រកបដោយមគ្គុទេសដ៏ថ្លៃថ្លារបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា បានប្រកាន់ខ្ជាប់នូវភាពជាម្ចាស់ និងភាពដឹកនាំឈរលើអភិក្រមបុរេសកម្មចំពោះការងារ ដោយបានសហការយ៉ាងល្អ ជាមួយសមាគមជាតិដៃគូ សប្បុរសជន ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ប្រមូលផ្ដុំរួមគ្នានូវសមត្ថភាព បញ្ញាញាណ ធនធានសម្ភារៈ និងថវិកា សម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនជាប្រយោជន៍ជាច្រើនដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដែលនាំនាវាកាកបាទក្រហមកម្ពុជា មានមុខមាត់ មានការទទួលស្គាល់ពីសក្ដានុពល និងកិត្ដិនាមលើឆាកអន្ដរជាតិ និងមានការគាំទ្រ ផ្ដល់តម្លៃពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕