(វ៉ាស៊ីនតោន)៖ វិបត្តិនយោបាយនៅកូរ៉េខាងត្បូងហាក់មិនទាន់បង្ហាញសញ្ញាពីភាពធូរស្រាលនៅឡើយទេ។ ការបោះឆ្នោតដកតំណែងលោកប្រធានាធិបតី Yoon Suk Yeol ពាក់ព័ន្ធនឹងការប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ និងលទ្ធភាពដែលរូបលោកអាចនឹងត្រូវបានចាប់ខ្លួន នឹងរុញកូរ៉េខាងត្បូងឱ្យធ្លាក់ចូលក្នុងភាពមិនច្បាស់លាស់នៃភាពជាមេដឹកនាំដែលអាចអូសបន្លាយពេលច្រើនខែ។ ភាពចលាចលនឹងធ្វើឱ្យចិន និងកូរ៉េខាងជើងញញឹមនៅក្នុងចិត្ត ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក ឥទ្ធិពលរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តដ៏សំខាន់ដូចជាកូរ៉េខាងត្បូង កំពុងស្ថិតក្នុងហានិភ័យ។
លោក Yoon បាននិយាយថាលោកនឹងតស៊ូរហូតដល់ទីបញ្ចប់ បើទោះជាក្រុមអ្នកវិភាគខ្លះយល់ថារូបលោកទំនងជានឹងមិនអាចរួចខ្លួនពីការទម្លាក់ចេញពីតំណែងក៏ដោយ។ តុលាការធម្មនុញ្ញមានពេល១៨០ថ្ងៃ ដើម្បី ធ្វើការសម្រេចចិត្តថាតើត្រូវបដិសេធ ឬទទួលយកសេចក្ដីសម្រេចដកតំណែងលោក Yoon អនុម័តដោយសភាជាតិ? ប្រសិនបើតុលាការទទួលយក នោះលោក Yoon នឹងត្រូវទម្លាក់ចេញពីតំណែង ហើយ ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងត្រូវរៀបចំឡើងក្នុងពេល ៦០ថ្ងៃ។ នៅត្រង់នេះ បរាជ័យរបស់លោក Yoon ក៏នឹងក្លាយជារឿងឈឺក្បាលសម្រាប់សហរដ្ឋអាមេរិកដែរ។ លោក Yoon គឺជាមនុស្សដ៏សំខាន់ម្នាក់ នៅពីក្រោយការបង្កើតសម្ព័ន្ធភាពត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ សម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើងក្នុងគោលដៅទប់ទល់ជាមួយកូរ៉េខាងជើង និងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ ការបណ្ដុះបណ្ដាលរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងលើសមត្ថភាពតាមប្រមាញ់នាវាមុជទឹក និងការចែករំលែកទិន្នន័យស្ដីពីការធ្វើតេស្ដបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការគំរាមកំហែងពី ព្យុងយ៉ាង គឺជាសមិទ្ធផលដ៏ធំមួយដែលលោក Yoon សម្រេចបាន។
ក៏ប៉ុន្តែ ឥលូវ មេដឹកនាំទាំង៣ ដែលនៅពីក្រោយការបង្កើតសម្ព័ន្ធភាពត្រីភាគីនេះ រួមមាននាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចុះចេញពីតំណែងទៅហើយ ខណៈលោកប្រធានាធិបតី ចូ បៃដិន កំពុង ត្រៀមផ្ទេរអំណាចទៅឱ្យលោក ដូណាល់ ត្រាំ រីឯលោក Yoon កំពុងប្រឈមមុខនឹងការទម្លាក់ចេញពីតំណែង។ សម្រាប់ប៉េកាំង និងព្យុងយ៉ាង នេះជាការផ្លាស់ប្ដូរដ៏សំខាន់នៃបរិយាកាសភូមិសាស្ត្រនយោបាយ ទៅរក ស្ថានភាពអំណោយផលមួយដែលពួកគេអាចទាញយកប្រយោជន៍ ដើម្បីបង្កើតបរិយាកាសកាន់តែអំណោយដល់គោលដៅនយោបាយរបស់ខ្លួន។
ក្នុងករណីចិន កូរ៉េខាងត្បូងមួយដែលមិនសូវទទួលយកឥទ្ធិពលពីសហរដ្ឋអាមេរិក អាចនឹងជួយផ្អៀងតុល្យភាពអំណាចខ្លះក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មកខាងចិន។ ចំណែក ចំពោះកូរ៉េខាងជើងវិញ កូរ៉េខាងត្បូងមួយ ដែលរវល់នឹងរឿងផ្ទៃក្នុង មានន័យថាព្យុងយ៉ាងអាចបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរដោយមិនខ្វល់ពីការរំខាន ហើយវាកាន់តែល្អទៅទៀត ប្រសិនបើកូរ៉េខាងត្បូងមាន ប្រធានាធិបតីថ្មី ដូចជាមេដឹកនាំគណបក្សប្រឆាំងលោក Lee Jae-myung។ លោក Lee មានអាយុ ៦១ឆ្នាំ ដែលត្រូវបានគេប្រដូចជាដូណាល់ ត្រាំកូរ៉េខាងត្បូង គឺមានទំនោរទន់ភ្លន់ចំពោះចិន និងយល់ថាការចរចា ជាមួយកូរ៉េខាងជើង ជាមធ្យោបាយបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ លោក Lee បានបដិសេធឈរនៅខាងភាគីណាមួយ នៅក្នុងការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ដោយសុខចិត្តដើរតាម យុទ្ធសាស្ត្ររក្សាតុល្យភាព ជាជាងបោះដៃពេញទំហឹងទៅរកសហរដ្ឋអាមេរិកដូចដែលលោក Yoon បានធ្វើនាពេលកន្លងមក។
លោក Lee ក៏ជាមនុស្សម្នាក់ដែលធ្លាប់រិះគន់ការដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD របស់សហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងផងដែរ។ ជាការពិតណាស់ THAAD អាចការពារកូរ៉េខាងត្បូង ពីមីស៊ីល របស់កូរ៉េខាងជើង តែចិនមើលឃើញថាខែលប្រឆាំងមីស៊ីលនេះជាគំរូមួយនៃការពង្រីកឥទ្ធិពលអាមេរិកនៅក្បែររបងផ្ទះរបស់ខ្លួន។ នៅពេលសហរដ្ឋអាមេរិកដំឡើង THAAD ជាលើកដំបូងនៅកូរ៉េខាងត្បូង កាលពី ឆ្នាំ២០១៦ ចិនបានដាក់ទណ្ឌកម្មដោយការធ្វើពហិការនាំចូលទំនិញពីកូរ៉េខាងត្បូង ជាហេតុជំរុញឱ្យអតីតប្រធានាធិបតី លោក Moon Jae-in ផ្អាកការដាក់ពង្រាយ។ ដោយសារការគំរាមដាក់ទណ្ឌកម្មរបស់ចិន ការដាក់ពង្រាយ THAAD នៅតែស្ថិតក្នុងលក្ខណៈបណ្ដោះអាសន្ន បើទោះជាលោក Yoon និយាយថាការដាក់ពង្រាយប្រព័ន្ធមីស៊ីលជារឿងចាំបាច់ដើម្បីការពារខ្លួនឯងក៏ដោយ។ លោក Lee ជារឿយៗតែងតែនិយាយ ពីសារៈសំខាន់នៃ «ការទូតជាក់ស្ដែងនិយម» ជាមួយការចាត់ទុកចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់។ ដូច្នេះការប្ដូរចិត្តពាក់ព័ន្ធនឹង THAAD គឺជារឿងដែលចិនចង់ឃើញបំផុត។
សម្រាប់លោក គីម ជុងអ៊ុន ការផ្លាស់ប្ដូរមេដឹកនាំនៅកូរ៉េខាងត្បូង ជាឱកាសមួយដែលលោកត្រូវទាញយកប្រយោជន៍ជាពិសេសខណៈលោក ដូណាល់ ត្រាំ នឹងត្រឡប់មកកាន់អំណាចវិញក្នុងពេលឆាប់ៗ ហើយលោក ត្រាំ ត្រូវបានគេរំពឹងថានឹងមិនស្និទ្ធស្នាលជាមួយលោក គីម ដូចពេលមុនទេ។ លោក គីម នឹងទាញយកប្រយោជន៍ពីការប្រេះឆាថ្មីណាមួយក្នុងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ កាលពីអាណត្តិទី១ របស់លោក ត្រាំ សហរដ្ឋអាមេរិកបានបញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង ដើម្បីលួងលោមឱ្យលោក គីម ជុងអ៊ុន ត្រឡប់មករកតុចរចា និងបញ្ឈប់ការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ សមយុទ្ធទាំងនោះត្រូវបានចាប់ផ្ដើមធ្វើឡើង ហើយត្រូវបានពង្រីកទៀតផងនៅក្រោមអាណត្តិដឹកនាំរបស់លោក ចូ បៃដិន។ តែលោក ត្រាំ ត្រូវបានរំពឹងថាអាចនឹងផ្អាកការធ្វើសមយុទ្ធសាជាថ្មី ប្រសិនបើលោកចង់លើក ទឹកចិត្តឱ្យលោក គីម អង្គុយចរចាជាមួយរូបលោក។ មិនតែប៉ុណ្ណោះ ខណៈកូរ៉េខាងត្បូងកំពុងជាប់រវល់នឹងរឿងផ្ទៃក្នុងខ្លួនឯង លោក គីម អាចពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី ហើយទាំងរុស្ស៉ី និងកូរ៉េខាងជើងថែមទាំង អាចទាញយកប្រយោជន៍ពីវិបត្តិនយោបាយនៅកូរ៉េខាងត្បូង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធាទ្វេដង ដោយមិនសូវបារម្ភពីការធ្វើអន្តរាគមន៍ពីកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានព្យាយាមយ៉ាងខ្លាំងក្នុងការពង្រឹងសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងជប៉ុន ដោយអាចធ្វើឱ្យប្រទេសទាំង២ ទុកគំនុំប្រវត្តិសាស្ត្រមួយឡែក។ តែជាមួយនយោបាយតម្កល់ប្រយោជន៍ អាមេរិកមុនគេ លោក ត្រាំ ប្រហែលជានឹងមិនធ្វើដូចជាលោក បៃដិនឡើយ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគយល់ថាអាទិភាពមួយសម្រាប់ក្រុមការងារសន្តិសុខជាតិរបស់លោក ត្រាំ នោះគឺគួរតែជាការរក្សាអំណាច របស់សហរដ្ឋអាមេរិក និងវត្តមាននៅក្នុងតំបន់ ហើយការកសាងទំនាក់ទំនងរឹងមាំជាមួយមេដឹកនាំថ្មីណាមួយរបស់កូរ៉េខាងត្បូង ជាគន្លឹះសំខាន់ដើម្បីសម្រេចគោលដៅទាំងនេះ៕