(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំថ្មីសាលាខេត្ត បានអញ្ជើញបើកមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តពោធិ៍សាត់ ដែលរៀបចំដោយ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ និងសហការរៀបចំដោយ រដ្ឋបាលខេត្ត, សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងអង្គការ Aide et Action។

លោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តពោធិ៍សាត់ បានជម្រាបជូនថា មហាសន្និបាតនេះ មានគោលបំណង ដើម្បីពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម និងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ច របស់សមាគមរួមមាន៖ «ប្រធាន អនុប្រធានក្រុមប្រឹក្សាសមាគម សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម និងសមាជិកក្រុមប្រឹក្សាសមាគម»។

មហាសន្និបាតនេះ គឺជាសក្ខីភាព ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ដែលជាតំណាង និងការពារផលប្រយោជន៍រួម របស់ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងដំណើរការអនុវត្ត គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រាជរដ្ឋាភិបាលបានស្វាគមន៍គំនិតផ្ដួចផ្ដើម របស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពង្រីកស្ថាប័នមួយ ដែលតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលទាំងអស់ នៅថ្នាក់ក្រោមជាតិ និងនៅថ្នាក់ជាតិ។ រាជរដ្ឋាភិបាលបានចាត់ទុកតំណាងនេះថា ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូរយ៉ាងសំខាន់ ក្នុងការជម្រុញដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ចមូលដ្ឋាន នៅកម្ពុជា។ រាជរដ្ឋាភិបាលយល់ឃើញថា សមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តពោធិ៍សាត់ នឹងដើរតួនាទីយ៉ាងសំខាន់ ដូចសម្ព័ន្ធភាពជាតិផងដែរ។

លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាការពិនិត្យ និងអនុម័តជាចុងក្រោយ លើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តពោធិ៍សាត់។ ដូច្នេះសូមលើកទឹកចិត្តដល់លោក លោកស្រី ជាប្រតិភូរបស់ក្រុមប្រឹក្សា ដែលបានចូលរួម ក្នុងមហាសន្និបាតនេះ មេត្តាយកចិត្តទុកដាក់ស្ដាប់ និងចូលរួមពិភាក្សា អនុម័តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងឯកសារពាក់ព័ន្ធនានា ក្នុងបំណងបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ អំពីតួនាទី ភារកិច្ច គោលបំណង និងដំណើរការរបស់សមាគម ក្នុងការការពារផលប្រយោជន៍ របស់ក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។

ថ្នាក់ដឹកនាំទាំង២ បានកោតសរសើរ ចំពោះសមាគមក្រុមប្រឹក្សា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលទទួលបានគម្រោងពីសហគមន៍អឺរ៉ុប និងអង្គការដៃគូនានាជាបន្តបន្ទាប់ សម្រាប់ការកសាងសមត្ថភាពសមាជិកទាំងអស់ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន រួមទាំងកិច្ចការគាំទ្រលើវិស័យអប់រំ ការអភិវឌ្ឍសហគម ដែលមានតម្លៃរាប់សិបលានដុល្លារ សម្រាប់ខេត្តពោធិ៍សាត់ទាំងមូល៕