(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គុណតម្លៃស្នូលនៃសន្តិភាព គឺជាគុណតម្លៃដ៏សំខាន់សម្រាប់វឌ្ឍនភាពសង្គម សុខដុមវប្បធម៌ និងអរិយធម៌សម័យទំនើប ហើយគុណតម្លៃស្នូលនៃវប្បធម៌នយោបាយសន្តិភាពរបស់កម្ពុជា គឺផ្ដោតទៅលើទិដ្ឋភាពចំនួន៥ចំណុច។
ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី១៩ ស្តីពីតម្លៃវប្បធម៌ឥណ្ឌូប៉ាស៊ីហ្វិក៖ «វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ» នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
លោកបណ្ឌិតអ្នកជំនាញភូមិសាស្រ្តនយោបាយ បានបព្យល់អំពីទិដ្ឋភាពនៃគុណតម្លៃស្នូលនៃវប្បធម៌នយោបាយសន្តិភាពរបស់កម្ពុជា គឺ៖ ១៖ ទិដ្ឋភាពប្រវត្តិសាស្ត្រកម្ពុជាក្នុងសង្គ្រាម, ២៖ ដំណើរការស្វែងរកសន្តិភាព និងសន្តិភាពពេញលេញរបស់កម្ពុជា, ៣៖ ការប្រជែងភូមិសាស្ត្រនយោបាយ, ៤៖ សង្គ្រាមថ្មីៗ និងទី៥៖ មានសន្តិភាពមុន ទើបបច្ច័យផ្សេងទៀតកើតឡើង។
បើតាមលោកបណ្ឌិត យង់ ពៅ បានបន្តថា៖ «ទិដ្ឋភាពសង្គ្រាមនៅកម្ពុជា កើតចេញពីការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច ដែលធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមក្នុងតំបន់សង្គ្រាមត្រជាក់ ដែលអូសបន្លាយចេញពីសង្គ្រាមលោកលើកទី២ ដោយបានអូសកម្ពុជាធ្លាក់ចូលទៅក្នុង សង្គ្រាមដ៏រ៉ាំរ៉ៃនៅក្នុងប្រវត្តិសាស្ត្រ។ កម្ពុជាតែងតែដង្ហើយរកសន្តិភាព ព្រោះខ្លួនបានឆ្លងកាត់ ហើយមេរៀនរបស់កម្ពុជា គឺតែត្រូវបានក្លាយជាមេរៀនដែលពិភពលោករៀនសូត្រដើម្បីគេចវេស។ ហេតុនេះ ហើយ បទពិសោធន៍នៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ នៅក្នុងករណីកម្ពុជា គឺករណីដែល ត្រូវសិក្សារៀនសូត្រ ដើម្បីថែរក្សាសន្តិភាពពិភពលោក»។
សង្គ្រាមបញ្ជាក់ពីមហិច្ឆតាមហាអំណាច ចំណែកសន្តិភាពបញ្ជាក់ពីសុឆន្ទៈនៃមេដឹកនាំ ហើយសង្គ្រាមបង្កើតឡើងក្នុងមហិច្ឆតាត្រឹមតែមួយរំពេច តែការស្វែងរកសន្តិភាពត្រូវការការចូលរួមពីភាគីច្រើន។ ជាក់ស្ដែងកម្ពុជា ដើម្បីបញ្ចប់សង្រ្គាមបាន ក្រៅតែមានមានត្រូវមានសុឆន្ទៈពីថ្នាក់ដឹកនាំប្រទេស ក៏មានដែរការចូលរួមពីប្រទេសទាំង១៨ រួមទាំងតំណាងអង្គការសហប្រជាជាតិ ទើបអាចបញ្ចប់សង្រ្គាមបានទាំងស្រុង។ នេះគឺជាការបញ្ជាក់ពីលោកបណ្ឌិត យង់ ពៅ។
លោកបណ្ឌិតអគ្គលេខាធិការនៃរាជបណ្ដិតសភាបានបន្តថា៖ «ជាក់ស្តែងសង្គ្រាមដែលយើងបានឃើញបច្ចុប្បន្ននេះ រួមមាននៅតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក នៅមជ្ឈិមបូព៌ា សុទ្ធសឹងតែបានបង្ហាញអំពីការប្រជែងមហិច្ឆតារបស់អ្នកនយោបាយ។ ហេតុនេះ ហើយមិនត្រូវហ៊ានដើរតាមមហិច្ឆតាដែលគ្មានសីលធម៌របស់អ្នកនយោបាយ ដែលចង់បានអំណាចក្នុងតំណែងណាមួយ ហើយបញ្ឆេះសង្គ្រាមឱ្យកើតឡើង នៅក្នុងសម័យអារ្យធម៌ នៃការរីកចម្រើនរបស់មនុស្សជាតិ។ នៅពេលដែលសង្គ្រាមកើតឡើងហើយ មិនងាយនឹងស្វែងរកសន្តិភាពបានឡើយ តួយ៉ាងដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលត្រូវការចំណាយធនធានសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុដ៏មហាសាល ដើម្បីស្តារប្រទេសអ៊ុយក្រែនឡើងវិញ»។
ជាការពិតណាស់ ដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជាត្រូវការចាយពេលវេលាច្រើន និងត្រូវការសុឆន្ទៈអ្នកនយោបាយពិតប្រាកដ។ សន្តិភាពនៃប្រជាជាតិមួយដែលកើតឡើងដោយគូបដិបក្ខក្នុងប្រទេស ត្រូវការសុឆន្ទៈនៃអ្នកនយោបាយក្នុងប្រទេស មុននឹងសុឆន្ទៈនៃមេដឹកនាំផ្សេងៗ ដូចដែលករណីកម្ពុជាធ្លាប់បានជួបប្រទះគឺ ប្រសិនបើសមមិត្ត ហ៊ុន សែន មិនព្រមជួបសម្តេច នរោត្តម សីហនុ នៅហ៊ូអង់តាដីន័រនោះទេ កម្ពុជាក៏មិនអាចសម្រេចបាននូវសន្តិភាព តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះដែរ។
ខណៈករណីរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៩៣ គឺជាករណីពិសេស និងជាជោគជ័យដ៏ត្រចះត្រចង់របស់តំណាងអង្គការសហប្រជាជាតិ ដែលឈានទៅរៀបចំសន្តិភាព និងសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យ ដែលសម្រេចបាន ជោគជ័យរហូតមកដល់បច្ចុប្បន្ន ដោយពុំបានរអិលជើងចេញពីគន្លងប្រជាធិបតេយ្យនោះទេ ពោលគឺ កម្ពុជាតែងតែរៀបចំការបោះឆ្នោតទៅតាមកាលបរិច្ឆេទកំណត់ជារៀងរហូត៕