(ភ្នំពេញ)៖ ខណៈពេលដែលពិភពលោកបានមកជួបជុំគ្នា ក្នុងសន្និសីទកំពូលបណ្តាភាគីលើកទី២៩ (COP29) អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ចាប់បីថ្ងៃទី១១ ដល់ថ្ងៃទ២២ ខែវិច្ឆិកា ឆ្នាម២០២៤ កន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការឆ្លុះបញ្ចាំងពីភាពចាំបាច់ដែលត្រូវធ្វើសកម្មភាពនៅកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងកំណើនបៃតង ជាអាទិភាពសម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់ប្រទេសនេះ ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ និងជាប្រទេសអព្យាក្រឹតកាបូន។ នេះជាការលើកឡើងរបស់លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងនៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា៖ «នៅក្នុងសន្និសីទកំពូល COP29 កម្ពុជាយើងបានប្រកាសជំហររបស់យើងដោយបានបង្ហាញពីការព្រួយបារម្ភពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ការអំពាវនាវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ការកៀរគរថវិកាឱ្យបាន ១០០ពាន់លានដុល្លាអាមេរិកពីប្រទេសអភិវឌ្ឍន៍ ជំរុញឱ្យមានការទទួលបាននូវហិរញ្ញប្បទានបៃតង ភាពចាំបាច់ដើម្បីពង្រឹងការគាំទ្រដល់ចក្ខុវិស័យអាស៊ានសម្រាប់សកម្មភាពអាកាសធាតុឆ្ពោះទៅឆ្នាំ២០៥០ ដែលត្រូវបានរំពឹងទុក ទាំងការបន្ស៊ាំ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយពិចារណាផងដែរ ទាំងបរិបទអភិវឌ្ឍន៍របស់អាស៊ាន និងគោលដៅរយៈពេលវែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ រួមទាំងសារៈសំខាន់នៃសមធម៌យេនឌ័រ ការចូលរួមរបស់យុវជន និងវិស័យឯកជន ក្រុមងាយរងគ្រោះ និងសហគមន៍មូលដ្ឋានក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ»។
ក្នុងវេទិកាប្រចាំឆ្នាំស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកនេះ កម្ពុជាបានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ ឱ្យបង្កើនការសន្យាផ្តល់ហិរញ្ញវត្ថុឱ្យបានច្រើនជាង ១០០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ និងត្រូវមាននីតិវិធីងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុទាំងនេះ។
លោក ខ្វៃ អាទិត្យា បានថ្លែងបន្ថែមថា មូលនិធិអាកាសធាតុបៃតង GEF បានឯកភាពឱ្យរៀបចំឯកសារគម្រោង ដើម្បីទទួលបានមូនិធិអាកាសធាតុសម្រាប់ប្រទេសកម្ពុជា ក្នុងនោះមានថវិកាសម្រាប់កម្មវិធីត្រៀមចំនួន ៤លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ថវិកាសម្រាប់រៀបចំផែនជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុចំនួន ៤,៤លានដុល្លារ និងថវិកាចំនួន០,៣៣លានដុល្លារ សម្រាប់ជំនួយបច្ចេកទេស។ ព្រមជាមួយគ្នា GEF បានគាំទ្រសំណើរបស់កម្ពុជាចំពោះគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរិលព្រៃឈើ ក្នុងក្របខណ្ឌការចំណាយផ្អែកលើលទ្ធផល (REDD+ Result Based Payment) ដែលមានទំហំថវិកា២០០ដុល្លារ សម្រាប់ប្រទេសចំនួន៤ រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ប្រេស៊ីល និងកូឡុំប៊ី និង បានគាំទ្រកម្ពុជាឱ្យរៀបចំខ្លួន ដើម្បីក្លាយទៅជាស្ថាប័នមានសម្បទាន (Accredited Entity) ឱ្យបានឆាប់ សម្រាប់ការទទួលបានមូលនិធិអាកាសធាតុដោយផ្ទាល់។ បន្ថែមពីនេះ មូលនិធិ GEF បានគាំទ្រការធ្វើបច្ចុប្បន្នភាព «កម្មវិធីសម្រាប់ប្រទេស (Country Programme)» ដើម្បីទទួលបានមូលនិធិអាកាសធាតុបៃតង យកមកអនុវត្តគម្រោងអាទិភាពរបស់កម្ពុជា។
លើសពីនេះ ដៃគូរទ្វេភាគីចំនួន១០ បានសារទរ និងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវផែនការរួមចំណែកជាតិឆ្លើយតបការប្រែប្រួលអាកាសធាតុ (NDC 3.0) សម្រេចឱ្យបាននូវមហិច្ឆតារបស់កម្ពុជាក្នុងការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ និងនាំឱ្យកម្ពុជាក្លាយជាប្រទេសព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
ជាមួយជោគជ័យក្នុងសន្និសីទកំពូលបណ្តាភាគីលើកទី២៩ (COP29) នេះដែរ កម្ពុជាទទួលបានការអនុម័តនូវគម្រោងចំនួន២ទៀត ពីមូលនិធិអាកាសធាតុបៃតងប្រមាណជា ១៥លានដុល្លារដែលមាន៖
ទី១៖ គម្រោងលប់បំបាត់សារធាតុគីមីគ្រោះថ្នាក់ពីខ្សែច្រវាក់នៃការផ្តត់ផ្គងនៅកម្ពុជាមានថវិកាចំនួនជាង ៦លាន ៥សែនដុល្លារ
ទី២៖ គម្រោងស្តាឡើងវិញនូវប្រពន្ធអេកូឡូស៊ីសម្រាប់និរន្តភាពការអភិវឌ្ឍអាងបឹងទន្លេសាប ខេត្តសៀមរាប មានថវិកាចំនួន ជាង៨លាន ៥សែនដុល្លារ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ ប្រទេសកម្ពុជាបានទទួលការអនុម័តគម្រោងចំនួន៣ ដែលមានទឹកប្រាក់ប្រមាណ ១១៧លានដុល្លាបារ នអនុម័តជាផ្លូវការពីមូលនិធិអាកាសធាតុបៃតង គម្រោងចំនួន៨ បានទទួលការអនុម័តជាគោលការណ៍បន្តរៀបចំឯកសារគម្រោងពេញលេញសម្រាប់មូលនិធិបរិស្ថានសកល និងមូលនិធិប្រទេសអភិវឌ្ឍតិចតួច និងគម្រោង១ បានទទួលការអនុម័តជាផ្លូវការពីមូលនិធិបន្ស៊ាំដែលមានថវិកាចំនួន ១០លានដុល្លារ៕