(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី កម្ពុជា-កូរ៉េ-អសប (UN-TPP) ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ នៅសាលា POK ខេត្តកំពង់ស្ពឺ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា នៅពេលខាងមុខដើម្បីពង្រឹងកិច្ចការរក្សាសន្តិភាព, អង្គការសហប្រជាជាតិនឹងត្រូវការបង្កើនចំនួនកម្លាំងរក្សាសន្តិភាពទ្វេរដងដែលនឹងត្រូវទទួលបានការហ្វឹកហ្វឺនឱ្យមានវិជ្ជាជីវៈច្បាស់លាស់ដើម្បីបំពេញការងារបានឱ្យស័ក្តិសិទ្ធ ស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នបុគ្គលិកយោធា ប៉ូលីស និងជនស៊ីវិលជាង ១០០,០០០នាក់ មកពី១២៥ប្រទេស កំពុងបម្រើក្នុងប្រតិបត្តិការរក្សាសន្តិភាពចំនួន១៤ នៅលើពិភពលោក។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ការហ្វឹកហាត់មានគោលបំណងថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិលើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម ច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាម អង្គការសហប្រជាជាតិត្រូវការការសន្យាច្បាស់លាស់ពីរដ្ឋសមាជិករបស់ខ្លួនក្នុងក្របខ័ណ្ឌថ្មី នៃប្រព័ន្ធរៀបរយសមត្ថភាពរក្សាសន្តិភាព (Peacekeeping Capability Readiness System) ផងដែរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកថា ចំពោះកម្ពុជា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ (១៤ ធ្នូ ១៩៥៥) កន្លងទៅថ្មីៗនេះ គឺជាខួប៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ដែលជាអង្គការអន្តរជាតិធំជាងគេក្នុងពិភពលោក និងមានគោលបំណងថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម ច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនឱ្យមានសង្គ្រាមលោក។ ក្នុងន័យនេះកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាពចាប់តាំងពីឆ្នាំ២០០៦មក។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា នាយទាហាន ពលទាហានចំនួន ៩,៨២៤នាក់ បានចូលរួមបំពេញបេសកកម្មប្រកបដោយជោគជ័យ និងចំនួន៦២៧នាក់ ដែលបានបញ្ចប់និងកំពុងបំពេញ បេសកកម្មក្នុង ប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ីប, ស៊ីរី, ម៉ាលី លើ មុខជំនាញក្នុងវិស័យរក្សាសន្តិភាពជាច្រើន ជាពិសេសការបោសសំអាតមីន ការរុករក និងការកំទេចគ្រាប់ មិនទាន់ផ្ទុះដែលជំនាញទាំងនេះត្រូវបានទទួលស្គាល់ និងការកោតសរសើរជាលក្ខណៈអន្តរជាតិ។ នាយទាហានទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថិរភាពមួយផ្នែកនៃពិភពលោកផងដែរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ក្នុងឆ្នាំ២០២៤នេះ និងទៅអនាគតកម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ជាមួយអង្គការសហប្រជាជាតិ បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពក្នុងប្រទេសក៏ដូចជា៖ បន្តសកម្មភាពមនុស្សធម៌។ លោកថ្លែងដោយភាពជឿជាក់ថា ឆ្លងកាត់បទពិសោធន៍ទាំងនេះជឿជាក់ថាសិក្ខាកាម អន្តរជាតិទាំងអស់បានរៀនសូត្រច្រើនពីកម្ពុជា ហើយកម្ពុជាខ្លួនឯងក៏បានដកស្រង់បានមេរៀន បទពិសោធន៍ថ្មីៗថែមទៀតពីការពិភាក្សាស៊ីជម្រៅក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀតក្នុងប្រតិបត្តិការរក្សាសន្តិភាពទៅអនាគត។
បើតាមលោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា គម្រោងត្រីភាគីនេះគឺជាគំនិតផ្តួចផ្តើមរបស់លោក ស៊ីនហ្សូ អាបេ (Shinzo ABE) អតីតនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីការរក្សាសន្តិភាពនៅ ទីបញ្ជាការ អង្គការសហប្រជាជាតិ នាខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់ការគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំងឱ្យធ្វើការចល័តបានឆាប់រហ័ស និងមានគុណភាពខ្ពស់
គម្រោងនេះ ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅអាហ្វ្រិកខាងកើត នាឆ្នាំ២០១៥ សំដៅលើកកម្ពស់សមត្ថភាពកម្លាំងរក្សាសន្តិភាពលើសសរស្ដម្ភវិស្វកម្ម វេជ្ជសាស្ត្រ និងស៊ី-ហ្វ័រ-អាយ-អេស-អ (C4ISR) (បញ្ជាការការត្រួតពិនិត្យ ទំនាក់ទំនង កុំព្យូទ័រ ចារកិច្ចយោធា ការឃ្លាំមើល និងការត្រួតពិនិត្យ) និង សុវត្ថិភាពក្នុងបន្ទាយតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺននិងការគាំទ្រផ្នែកប្រតិបត្តិការ។ គម្រោងនេះក៏ត្រូវបានពង្រីកខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយមាន៤ប្រទេសធ្វើជាម្ចាស់ផ្ទះវិលជុំ២ឆ្នាំម្តង ក្នុងនោះមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ និងកម្ពុជា។ គម្រោងនេះក៏មានការចូលរួមគាំទ្រពីអង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងសាធារណរដ្ឋកូរ៉េ។
វគ្គហ្វឹកហ្វឺនត្រីភាគីអង្គការសហប្រជាជាតិ (UN TPP) ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គឺជាការហ្វឹកហ្វឺនបែបពហុសសរស្តម្ភ (Cross-Pillar) និងជាកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៤ជាលើកដំបូងរបស់កម្មវិធី TPP ថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ (៥សប្តាហ៍) នៅសាលា PKO ខេត្តកំពង់ស្ពឺ លើសសរស្តម្ភចំនួនបីរួមមានសសរស្តម្ភទី១ ជំនាញវិស្វកម្មហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម HEE (Heavy Engineering Equipment - Operators' Intermediate Course), សសរស្តម្ភទី២ ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ EHAT (Explosive Hazard Awareness Training) សសរស្តម្ភទី៣ សង្គ្រោះលើទីលាន FMAC (Field Medical Assistants Course)។
វគ្គនេះមានការចូលរួមពីសំណាក់មន្រ្តី អង្គការសហប្រជាជាតិយោធាចារ្យអូស្ត្រាលី ជប៉ុន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងមានសិក្ខាកាមមកពីប្រទេសចំនួន៨ មានជាអាទិ៍៖ កម្ពុជា បង់ក្លាដែស ប៊ូតាន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពី និងស្រីលង្កា៕