(កំពត)៖ លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងសមាជិកគណបក្សនៅតាមបណ្ដាលរាជធានី-ខេត្ត និងលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅតាមបណ្ដារាជនី-ខេត្ត នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកអំណោយកុំព្យូទ័រចំនួន២០គ្រឿង ចែកជូនលោកគ្រូអ្នកគ្រូនៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។

ពិធីចែកអំណោយបានរៀបចំនៅក្នុងបរិវេណសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពត ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពី លោក អ៉ឹង ឆាយ អភិបាលរងខេត្តកំពត លោក ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅខេត្តកំពត ព្រមទាំងគណៈប្រតិភូ មន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។

លោក តេវ សុវណ្ណដេត នាយកវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានឱ្យដឹងថា នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង មានអគារទាំងអស់៦ខ្នង ក្នុងឆ្នាំសិក្សា២០២៤-២០២៥ យើងមានបុគ្គលិកសិក្សាសរុបចំនួន៨០នាក់ និងមានសិស្សសរុបចំនួន១៦៧៨នាក់។

លោក អ៉ឹង ឆាយ បានលើកឡើងថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះ បានចូលរួមវគ្គបណ្តុះបណ្តាល តាមរយ:វគ្គសិក្សាដើម្បីចូលរួមលើកស្ទួយវិស័យអប់រំដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។ លោកបានបន្តថា ជានិច្ចកាល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នាក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

លោក ភឺន ផល្លា បានឱ្យដឹងថា អំណោយកុំព្យូទ័រចំនួន២០គ្រឿង រួមទាំងថវិកាមួយចំនួនដែលបានយកមកប្រគល់ជូនលោកនាយក លោកគ្រូ អ្នកគ្រូ នៅពេលនេះ គឺជាឧត្តមប្រយោជន៍សម្រាប់បម្រើការងាររដ្ឋបាលក្នុងសាលានិងបង្ហាត់បង្រៀនដ៏សិស្សានុសិស្សរៀនសូត្រ ឲ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ លោកក៏បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ត្រូវចេះស្រឡាញ់គ្នា យកចិត្តទុក្ខដាក់ស្តាប់លោកគ្រូ អ្នកគ្រូ ពន្យល់បង្រៀនឱ្យ បានល្អ ប្រឹងប្រែងរៀនសូត្រ និងស្តាប់ការអប់រំពីលោកឪពុកអ្នកម្តាយនៅផ្ទះដើម្បីក្លាយជាទំពាំងស្នងឫស្សីនៅពេលអនាគត ដែលជាមូលធន់មនុស្ស។

បន្ថែមពីនេះ សូមសិស្សានុសិស្សទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនដែលសង្គមកុំពុងតែស្អប់ខ្ពើមនិងនាំឱ្យខូចអនាគត់ក្មួយៗ។លោកក៏បានប្រគល់ជូននូវកុំព្យូទ័រចំនួន២០គ្រឿងរួមទាំងថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលដែលមានវត្តមាននៅទីនេះរាល់ការស្នើសុំរបស់លោកនាយកក៏ដូចជាលោកគ្រូអ្នកគ្រូ លោកក៏បានឧបត្ថម្ភតាមសំណើររួមមានតុដាក់កុំព្យូទ័រចំនួន ២០តុចាក់ដីលុបស្រះមួយកន្លែងនិងផ្ដល់លេបថបអោយបុគ្គលិកបម្រើការងារនៅក្នុងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង៕