(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំប្រតិភូទៅធ្វើទស្សនកិច្ចនៅទីក្រុងហ្កាងស៊ូ «Quanzhou» ខេត្តហ្វូជាន «Fujian» ប្រទេសចិនរយៈពេល៤ថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍រីកចម្រើនលើវិស័យមួយចំនួនរបស់ចិន ហើយក៏ដើម្បីទាក់ទាញក្រុមវិនិយោគរបស់ចិនមករកស៊ីខ្មែរផងដែរ។
លោក វ៉ី សំណាង បានថ្លែងប្រាប់ថា ដំណើរទស្សនកិច្ចរបស់លោកនៅខេត្តហ្វូជាន ប្រទេសចិន ធ្វើឡើងចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ដោយលោក និងប្រតិភូ នឹងទៅធ្វើទស្សនកិច្ចនៅរោងចក្រផលិតស្បែកជើង កាបូប សម្ភារ និងកន្លែងផលិតថ្មម៉ាប កន្លែងផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យផងដែរ។
លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ដំណើរទស្សនកិច្ចនេះ ក្រៅពីសិក្សាស្វែងយល់ពីការអភិវឌ្ឍន៍រីកចម្រើនលើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍របស់ខេត្តហ្វូជាន ប្រទេសចិន យើងក៏រំពឹងថា នឹងទាក់ទាញ អ្នកវិនិយោគចិនឲ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ លើវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម ទេសចរណ៍ ដែលវិស័យទាំងអស់នេះនឹងជួយបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ឲ្យកាន់តែប្រសើរមួយកម្រិតទៀតជាក់ជាពុំខាន៕