(កណ្ដាល)៖ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះសមិទ្ធិផលច្រើនស្កេកស្កះដែលបណ្ឌិត្យសភានគរបាលកម្ពុជាសម្រេចបានយ៉ាងល្អ និងណែនាំឲ្យមានការបញ្ជូននគរបាល ទៅសិក្សាជំនាញផ្នែកកោសលយវិច្ច័យលំដាប់ពិភពលោកនៅប្រទេសតួរគី ដើម្បីប្រសិទ្ធភាពខ្ពស់ចំពោះការងារពាក់ព័ន្ធ។

រដ្ឋលេខាបានថ្លែងយ៉ាងដូច្នេះនៅគ្រាដែលលោកអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់បណ្ឌិត្យសភានគរបាលកម្ពុជានារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ សាស្រ្តចារ្យ គ្រូនគរបាលជាតិ មន្រ្តី និងនិស្សិតនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាង១,០០០នាក់។

នាយឧត្ដមសេនីយ៍សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងសមិទ្ធផលធំៗជាច្រើនដែលសម្រេចបានជាង៩០% នៃផែនការសកម្មភាព ឆ្នាំ២០២៤ ដោយសារតែមានការឧបត្ថម្ភគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការយកចិត្តទុកដាក់ខ្ពស់ពី អភិសន្តិបណ្ឌិត ស សុខា ព្រមទាំងមានការប្ដេជ្ញាចិត្ត ឆន្ទៈមោះមុត និងការខិតប្រឹងប្រែងក្នុងការបំពេញភារកិច្ចស្នូលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់កម្រិត សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ដ្រីនៃបណ្ឌិត្យសភាផងដែរ។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានធ្វើកិច្ចសហការល្អ និងជួយគាំទ្រឧបត្ថម្ភទាំងថវិកា និងសម្ភារ ដើម្បីកសាងធនធានរូបវន្តគ្រប់ប្រភេទ ដែលអាចបំពេញតាម តម្រូវការនៃការងារបណ្តុះបណ្ដាល។

នាឱកាសនោះ លោកបណ្ឌិតរដ្ឋលេខាធិការ បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តីទាំងអស់ ដែលបានរួមសាមគ្គីគ្នា យកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើតបាននូវសមិទ្ធផលថ្មីៗជាច្រើន និងជំរុញឱ្យបណ្ឌិត្យសភាមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនិងមន្រ្តីពន្ធនាគារ ឱស្របតាមស្ដង់ដាគុណភាពជាតិនិងអន្ដរជាតិ។

បន្ថែមលើនេះ លោកបណ្ឌិត ក៏បានណែនាំដល់បណ្ឌិត្យសភា ត្រូវបន្តអនុវត្តកម្មវិធីកំណែទម្រង់ និងផែនការសកម្មភាពឆ្នាំ២០២៥ ដើម្បីធ្វើឱ្យសម្រេចបានផែនការយុទ្ធសាស្ត្រររយៈពេល៥ឆ្នាំ ដំណាក់កាលទី៣ របស់ខ្លួន ដែលបានកំណត់៕