(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដោយផ្ដោតលើការពិភាក្សាលើផែនការសកម្មភាពការគ្រប់គ្រងធនធានខ្សាច់ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព ខណៈកិច្ចប្រជុំលើកដំបូងនេះដែរ ក៏មានការប្រកាសសមាសភាពគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹកនិងឧតុនិយម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម រដ្ឋលេខាធិការអនុប្រធាន និងសមាជិកគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងក្រសួង-ស្ថាប័នទាំងអស់ ព្រមទាំងអភិបាលរាជធានី-ខេត្ត។
លោករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំលើកដំបូងនៅថ្ងៃនេះ គឺដើម្បី៖ ទី១-ប្រកាសសមាសភាពគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ទី២-ពិភាក្សាលើផែនការសកម្មភាពការគ្រប់គ្រងធនធានខ្សាច់ និងទី៣-ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការគ្រប់គ្រងធនធានខ្សាច់មានសារសំខាន់ណាស់ ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំងដើម្បីការពារសុខភាពស្ទឹង ទន្លេ និងប្រព័ន្ធអេកូឡូស៊ី។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ដែលទាញយកខ្សាច់ច្រើនហួសកម្រិតពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើន ដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គមផងដែរ។
សូមជម្រាបថា គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ គឺជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានតួនាទី៖
ទី១. ត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកនិងបច្ចេកទេសបូមខ្សាច់ ស្របតាមបទដ្ឋានបច្ចេកទេសជលវិទ្យានិងជលគតិ
ទី២. ផ្តល់អនុសាសន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដល់ក្រសួងរ៉ែ និងថាមពល ដើម្បីចាត់វិធានការបន្ទាន់ក្នុងករណីមានភាពអនាធិបតេយ្យ ឬការបូមខ្សាច់ខុសបច្ចេកទេស
ទី៣. ធ្វើរបាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល
ទី៤. អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យលេខ ២០៣ អនក្រ.បក ស្ដីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដើម្បីត្រួតពិនិត្យ និងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹក សំដៅធានាប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១៩៣ សសរ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ដែលមានលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធាន និងលោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ជាអនុប្រធានអចិន្ត្រៃយ៍៕