(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៉ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលដឹកនាំដោយ មេដឹកនាំយុវជនសង្គមស៉ីវិល លោក ហេង សំណាង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានជួបជុំគ្នាសមាជិកសមាជិកា តំណាងប្រធានផែនក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសមាគមសង្គមស៉ីវិលប្រមាណជាង ៥០នាក់ រៀបចំយុទ្ធនាការ «ផ្ការីក» ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្រោមដំបូលសុខសន្តិភាព។
ការរៀបចំនៃយុទ្ធនាការ «ផ្ការីក» គឺឆ្លើយតបទៅនឹង លោក សម រង្ស៉ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូស ដែលតែងតែបំផុស បំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌តាមផែនការរបស់ខ្លួន «ផ្ការីក»ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ក្រុមយុវជនសង្គមស៉ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុក ខ្លឹមសារ «ផ្ការីក នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ក្រោមដំបូលសន្តិភាពសម្តេចតេជោ ហ៊ុន សែន» និង ថ្កោលទោសចំពោះ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ បង្កើតចលនាជាតិតស៊ូ ផ្ការីក ផ្ការោយ ពីមុនចលនាព្រះអាទិត្យរះ ព្រះអាទិត្យលិច បច្ចុប្បន្ន លិចលែងរះ និងរោយលែងរីក។
នាឱកាសនោះ លោក ហេង សំណាង បានថ្លែងថា ក្រុមយុវជនសង្គមស៉ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីថ្កោលទោសចំពោះក្រុមទណ្ឌិតជ្រុលនិយម ដែលមានចរិតជាភេរវកម្ម ដែលយករូបមន្ត «ផ្ការីក» បំផុស បំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្កជាភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល ។
លោកសង្កត់ទៀតថា «ដូច្នេះ ក្រុមយុវជនសង្គមស៉ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំយុទ្ធនាការផ្ការីកនេះ ដើម្បីបង្ហាញអំពីសក្តានុពល និងវឌ្ឍនភាពសង្គម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជាន់ខ្ពស់របសគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន»។
ក្នុងនាមជាមេដឹកនាំយុវជនសង្គមស៉ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកហេង សំណាងបានធ្វើការថ្កោលទោសដល់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៉ី យ៉ាងដាច់អហង្ការ ដែល តែងតែបង្កើតបំផុសញុះញង់ឱ្យប្រជាពលរដ្ឋធ្វើបដិវដ្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលសកម្មភាពនេះ គឺជាចរិតនយោបាយកខ្វក់ និងជាភេវរកម្ម មិនអាចអត់ឱនបានជាដាច់ខាត។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើ និងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ជាពិសេសសកម្មជនដែលមាននិន្នាការជ្រុលនិយម កុំចាញ់កល ចូលស៊ង បោកបញ្ឆោត នូវនយោបាយខ្មៅកខ្វក់របស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៉ី ព្រោះអាចបណ្តាលឱ្យមានបញ្ហាដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕