(ភ្នំពេញ)៖ លោក ហួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា បើសិនជាខ្មែរតែម្នាក់ ទិញយកក្រមា ឬកន្សែងប្រពៃណីខ្មែរមួយ នឹងជួយអ្នកផលិតបានច្រើន ឬអាចនិយាយបានថា ជួយដល់សហគមន៍ផលិតក្រមាតែម្តង។
ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក ហួន សាវង្ស បានសំណូមពរដល់មហាជន ជួយជាវក្រមាយកទៅប្រើប្រាស់ ខណៈក្រមាទើបតែត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
បើតាមមន្ត្រីក្រសួងវប្បធម៌ ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។
ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឲ្យកត់សម្គាល់។
ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុ ដែលបង្ហាញពីអត្តសញ្ញាណជាតិ៕