(ព្រះសីហនុ)៖ លោក សុខ ណាទី តំណាងរបស់ក្រុមហ៊ុន អ៊ែតវូត អីនវេសមីន គ្រុប ឯ.ក ដែលមានលោកស្រី លឹម ឈីវហូ ជាអគ្គនាយិកាក្រុមហ៊ុន បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន អ៊ែតវូត អីនវេសមីន សហការជាមួយក្រុមហ៊ុនចិនមួយ ដើម្បីពិនិត្យលទ្ធភាពនៃអាជីវកម្មកំពង់ផែ នៅតំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ។
លោក បានលើកឡើងពីសក្ដានុពលជាច្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ ដែលមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ដូចជា មានផ្លូវបេតុងរួចស្រាប់ ដែលតភ្ជាប់ពីស្ទឹងហាវរហូតដល់ផ្លូវជាតិលេខ៤, មានចម្ងាយត្រឹមតែ៤គីឡូម៉ែត្រ ពីផ្លូវល្បឿនលឿន និងមានផ្លូវរថភ្លើងដែលរត់ជាប់នឹងព្រំប្រទល់តំបន់សេដ្ឋកិច្ចនេះតែម្ដង ហើយការភ្ជាប់ផ្លូវគមនាគមន៍គឺបានល្អមែនទែន។
ជាមួយលោក សុខ ណាទី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះគម្រោងអភិវឌ្ឃតំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ ក្រុមហ៊ុន អ៊ែតវូត បានធ្វើសិក្សាលទ្ធភាពអាជីវកម្ម និងគម្រោងផែនការអភិវឌ្ឍន៍ជាមួយក្រុមហ៊ុនចិនមួយ ហើយការសិក្សានោះនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។ បន្ទាប់ពីការសិក្សារួចហើយនោះ ក្រុមហ៊ុននឹងធ្វើការផ្សព្វផ្សាយ និងព្យាយាមទាក់ទាញវិនិយោគិនបរទេស ដើម្បីមកធ្វើការសាងសង់រោងចក្រសហគ្រាសនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ»៕