(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំថ្មីសាលាខេត្ត បានអញ្ជើញបិទមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តពោធិ៍សាត់ បន្ទាប់ពីបានដំណើរការអស់រយៈពេលជាងមួយថ្ងៃ។

លោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា ឆ្លងតាមលទ្ធផល នៃមហាសន្និបាតរយៈពេលជាងមួយថ្ងៃនេះ បានអនុម័តជាឯកច្ឆន្ទ និងបានជ្រើសរើសរូបលោក ឱ្យធ្វើជាប្រធានក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ខេត្តពោធិ៍សាត់បន្តទៀត។ ដើម្បីជាសក្ខីភាពឆ្លើយតបចំពោះអង្គមហាសន្និបាត លោកបានប្ដេជ្ញាលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាព និងសហការឱ្យបានស្អិតរមួត ជាមួយក្រុមប្រឹក្សា ក្រុង/ស្រុក ឃុំ/សង្កាត់ គណៈអភិបាលក្រុង/ស្រុក និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ សំដៅរក្សាឱ្យបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សារធារណៈ ការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព។ ជាមួយគ្នានោះ ប្តេជ្ញាខិតខំអនុវត្តច្បាប់ បទបញ្ជា លិខិតបទដ្ឋាននានា ឱ្យបានខ្ជាប់ខ្ជួន ដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនជាធំ។ ខិតខំរក្សាឱ្យបាននូវអព្យាក្រិតភាព ការងាររដ្ឋបាល សំដៅលើកកម្ពស់គុណភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។ ខិតខំជម្រុញ និងលើកកម្ពស់ ការអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តពោធិ៍សាត់។ សន្យាទទួលយករាល់សំណូមពររបស់ក្រុមប្រឹក្សាក្រុង/ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តទាំងអស់ ដើម្បីដាក់ជូនអង្គប្រជុំ ថ្នាក់ដឹកនាំសមាគម ពិនិត្យ ពិភាក្សា ស្វែងរកការគាំទ្រ និងដោះស្រាយគ្រប់បញ្ហាពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ លោក លោកស្រី ដែលជាប្រធានក្រុមការងារ ព្រមទាំងសហការី ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ នៅក្នុងដំណើរការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រាជរដ្ឋាភិបាលបានស្វាគមន៍ គំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សា​រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ។ រាជរដ្ឋាភិបាលបានចាត់ទុកសមាគមក្រុមប្រឹក្សា ក្រុង/ស្រុក ឃុំ/សង្កាត់ ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូរយ៉ាងសំខាន់ នៅក្នុងការជម្រុញដំណើរការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។

លោកបន្តទៀតថា មហាសន្និបាតសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅខេត្តពោធិ៍សាត់ អាណត្តិទី៤នេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ជាពិសេសខណៈពេលដែលកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវការពេលវេលា និងឆ្លងកាត់ដំណាក់កាល ជាច្រើនបន្តទៀត។ ដើម្បីឱ្យសមាគមដំណើរការប្រកបដោយជោគជ័យ និងមាននិរន្តរភាព ទៅលើផែនការយុទ្ធសាស្ត្រ និងគោលនយោបាយដឹកនាំ គ្រប់គ្រងរបស់សមាគម ថ្នាក់ដឹកនាំសមាគម គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគម ត្រូវយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ច ឱ្យស្របទៅនឹងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម និងមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល​ ពីក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ពិសេសការគាំទ្រពីអង្គការដៃគូអភិវឌ្ឍនានា៕