(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីប្រកាសលទ្ធផលផ្លូវការ នៃការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឲ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងនោះមានបេក្ខជនចំនួន៤៤នាក់ ស្រី១៣នាក់ បានប្រឡងជាប់ជាស្ថាពរ ក្រោយឆ្លងកាត់ការប្រឡងលើវិញ្ញាសាលើកចុងក្រោយ គឺវិញ្ញាសាសួរផ្ទាល់មាត់។
ការប្រកាសលទ្ធផលនេះ បានធ្វើឡើងក្រោមការពិនិត្យ ផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផល ដោយផ្ទាល់ ពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង រួមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នាសាលាភូមិន្ទរដ្ឋបាល។
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្នុងរយៈពេល ១ (មួយ) សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេ បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌទៅកាន់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរសព្ទ ០១២ ៣០៥ ៥៣០, ០១៦ ៨៨៨ ៥៣៦ ។
បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃ ការរៀបចំផ្តល់ក្របខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។
ចំពោះបេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួស នឹងត្រូវអនុវត្តសម្រាប់ប៉ុស្តិ៍ដែលមិនមានបេក្ខជនជាប់ដោយពិន្ទុក្រោមមធ្យមភាគ ឬបេក្ខជនជាប់ជាស្ថាពរបានបោះបង់ក្របខណ្ឌ ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបតាមជំនាញរបស់បេក្ខជនជាប់បម្រុងក្នុងក្របខណ្ឌទូទាំងប្រទេស និងគោលការណ៍ ស្ម័គ្រចិត្ត។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។
ជាមួយគ្នានេះបេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌ តម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំង មិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបី បានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ៕