(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងសម័យឌីជីថល គុណភាពព័ត៌មានមានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាកត្តាដ៏សំខាន់មួយក្នុងការធានាភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលជាភ្នាក់ងារនាំសារ និងពាំនាំព័ត៌មានពិតត្រឹមត្រូវអំពីតថភាពក្នុងសង្គមជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើពិភពលោក។
លោកបានថ្លែងថា ការពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងនោះមានសមត្ថភាពក្នុងការយកព័ត៌មាន ផលិត និងផ្សព្វផ្សាយ មានសារៈសំខាន់ដើម្បីធានាការផ្សាយព័ត៌មានផ្អែកលើប្រភពត្រឹមត្រូវច្បាស់លាស់ ខ្លឹមសារមានតុល្យភាព គ្រប់ជ្រុងជ្រោយ និងបានផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធក្នុងសាច់រឿងបានចូលរួមចំណែក។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈគ្រប់ពេលដែលខ្លួនបំពេញការងារ។ ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវបង្កើនការស្វែងយល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមអំពីសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមចងចាំថាក្នុងការអនុវត្តភារកិច្ច អ្នកសារព័ត៌មានមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិនិងករណីយកិច្ចដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មានឡើយ ព្រោះការអនុវត្តជ្រុល ឬទង្វើហួសដែនកំណត់នៃច្បាប់នឹងនាំមកនូវផលវិបាក និងអាចនាំឱ្យប្រឈមនឹងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬផ្នែកព្រហ្មទណ្ឌជាដើម។
លោក ទេព អស្នារិទ្ធ បានបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានជាអាទិភាពចម្បងមួយក្នុងបេសកកម្មរបស់ក្រសួងព័ត៌មាន។ ក្នុងដំណើរការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យការរបស់ក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងសមាគមសារព័ត៌មាននានាក្រសួងព័ត៌មានក្នុងឆ្នាំ២០២៤បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២៣លើក ដល់អ្នកសារព័ត៌មានមកពីរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាន និងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន និងនៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង ៥ពាន់នាក់។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលទាំងនេះបានបំពាក់បំប៉នជំនាញនិពន្ធ ផលិត និងផ្សព្វផ្សាយព័ត៌មាន និងបានផ្តល់ចំណេះដឹងខាងវិស័យនានាក្នុងសង្គម ដើម្បីបង្កើនសមត្ថភាពឱ្យពួកគេផលិតនិងផ្សព្វផ្សាយព័ត៌មានគុណភាព និងសម្របខ្លួននិងផ្សាយខ្លឹមសារឆ្លើយតបនឹងតម្រូវការ និងការវិវត្តក្នុងសម័យឌីជីថល។
វគ្គបណ្តុះបណ្តាលក៏បានតម្រង់ទិសស្តីពីនិយាមវិជ្ជាជីវៈសារព័ត៌មាន ការប្រតិបត្តិក្រមសីលធម៌ ការគ្រប់គ្រងព័ត៌មាន និងការផ្សាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ដោយរាប់បញ្ចូលទាំងអក្ខរកម្មឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ ក្រសួងបានសហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈឱ្យស្របតាមការវិវត្តិយ៉ាងលឿនក្នុងសង្គម។ កិច្ចសហការនេះនឹងរួមចំណែកលើកកម្ពស់ធនធានមនុស្ស និងកសាងអ្នកបន្តវេនប្រកបដោយគុណភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ដោយផ្តោតលើការបណ្តុះសមត្ថភាព និងជំនាញពិតប្រាកដ ដើម្បីចូលរួមបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើវិស័យព័ត៌មាននៅកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាកត្តាដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គម ព្រោះការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ ខណៈចូលរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។
លោក ទេព អស្នារិទ្ធ សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ក្នុងការអនុវត្តការងារសូមប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ និងសូមសំណូមពរដល់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងដៃគូក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់សូមបន្តផ្តល់ការជ្រោមជ្រែងបន្ថែមទៀតក្នុងរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន ទាំងផ្នែកវិជ្ជាជីវៈ ការប្រតិបត្តិក្រមសីលធម៌ និងចំណេះផ្នែកច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងគុណភាពសារព័ត៌មាននៅកម្ពុជា៕