(ភ្នំពេញ)៖ កម្ពុជាស្អាត គ្មានការបំពុល គឺជាការងារអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ បរិស្ថាន និងសង្គម ហើយឆ្លើយតបនឹងការងារដ៏សំខាន់នេះវិស័យប្រេងឥន្ធនៈដែលមានការទទួលខុសត្រូវខ្ពស់ បានប្តេជ្ញាចិត្តចូលរួមចំណែកលើការកាត់បន្ថយការបញ្ចេញសារធាតុបំពុលខ្យល់ ធ្វើឱ្យខ្យល់កម្ពុជាស្អាត ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនប្រេងឥន្ធនៈនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO V) នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនប្រេងឥន្ធនៈក្នុងការរួមចំណែកធ្វើឱ្យខ្យល់របស់កម្ពុជាស្អាត គ្មានការបំពុល និយាយជារួម សុខភាពជាកត្តាសំខាន់ណាស់សម្រាប់អាយុជីវិតប្រជាពលរដ្ឋគ្រប់រូប បើគ្មានសុខភាពគឺគ្មានជីវិត ហើយបើគ្មានជីវិតក៏គ្មានបរិស្ថានដែរ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជាកំណត់យកអាទិភាពទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវគោលដៅយុទ្ធសាស្រ្តចំនួន៥ ដែលរួមមាន៖
ទី១៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា
ទី២៖ បង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាពជូនដល់ប្រជាជនកម្ពុជាជាពិសេសយុវជន
ទី៣៖ សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា
ទីទី៤៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម
និងទី៥៖ ត្រូវធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕