(ភ្នំពេញ)៖ សិស្សចំនួន ១៥ រូប ដែលមកពីបណ្តាខេត្តទាំង ៥ រួមមាន កំពង់ចាម បាត់ដំបង ក្រចេះ ស្ទឹងត្រែង និងសៀមរាប ត្រូវជ្រើសរើសជាទូតសុឆន្ទៈ ដើម្បីបណ្តុះបណ្តាលជំនាញទន់ និងជំនាញរឹង ឱ្យមានសមត្ថភាពក្នុងការរៀបចំគម្រោង ដោះស្រាយបញ្ហាក្នុងសហគមន៍របស់ខ្លួន ពាក់ព័ន្ធនឹងការអប់រំ ជាពិសេសការកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស។

សិស្សានុសិស្សដែលត្រូវបានជ្រើសរើស នឹងតម្រូវឱ្យធ្វើការជាក្រុមក្នុងការកំណត់ពីបញ្ហា និងរកដំណោះស្រាយលើបញ្ហា ដែលពួកគាត់សង្កេតឃើញកើតមានឡើង នៅក្នុងសហគមន៍ ដែលរារាំងសិស្សវិទ្យាល័យក្នុងការឈោងចាប់ក្តីស្រមៃ មកបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

លោក សុខ លាភ នាយកប្រតិបត្តិក្រុមហ៊ុន សាលាថេកសឺលូសិន បានលើកឡើងថា កន្លងមក សាលា បានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំតាមរយៈ ការរៀបចំតម្រោងផ្សេងៗជាច្រើន ដូចជាការរៀបចំពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យប្រចាំឆ្នាំ ការចុះផ្ទាល់ទៅសាលារៀនដែលនៅតាមតំបន់ដាច់ស្រយាល រៀបចំកម្មវិធីចែករំលែកទៅកាន់សិស្សពាក់ព័ន្ធនឹងការបន្តការសិក្សា, ព្រមទាំងមានរៀបចំកម្មវិធីផ្សេងៗទៀតនៅរាជធានីភ្នំពេញ។

លោករំពឹងថា តាមរយៈគម្រោង Sala Enrichment Program  យុវជនសុឆន្ទៈទាំង១៥ រូប នឹងធ្វើគម្រោងនានាក្នុងសហគមន៍របស់ពួកគេដែលនឹងជំរុញឱ្យសិស្សសរុប ប្រមាណ ១០០០ នាក់ សម្រេចចិត្តបន្តការសិក្សានៅសាកលវិទ្យាល័យ។

លោកបន្តថា «ដើម្បីអាចសម្រេចបាននូវសមិទ្ធផលដូចដែលបានរៀបរាប់ខាងលើ និងផ្តល់សារជំរុញទឹកចិត្ត អនុវត្តគម្រោងក្នុងសហគមន៍របស់ពួកគេនាពេលខាងមុខ
បានអញ្ជើញប្អូនៗយុវជនទូតសុឆន្ទៈតំណាងខេត្តទាំង៥មកកាន់ទីក្រុងភ្នំពេញ ដើម្បីការបណ្តុះបណ្តាលផ្នត់គំនិតពាក់ព័ន្ធនឹងការធ្វើការ ការទស្សនកិច្ចទៅកាន់ទីតាំងប្រវត្តិសាស្ត្រនៅភ្នំពេញ ព្រមទាំងការពិភាក្សានឹងធ្វើបទបង្ហាញនៃគំនិតរបស់ពួកគេពាក់ព័ន្ធនឹងបញ្ហានិងដំណោះស្រាយរបស់ពួកគេពាក់ព័ន្ធនឹងការអប់រំ»

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំ យុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា  នេះជាឱកាសដ៏ល្អមួយសម្រាប់យុវជនដែលត្រូវបានជ្រើសរើសទាំង១៥នាក់។ ហេតុដូច្នេះហើយ សូមសិស្សទាំងអស់ចូលរួមឱ្យបានពេញដៃ ធ្វើឱ្យលះ និងច្បាស់លាស់ ព្រោះគោលដៅយុវជន១៥នាក់ នឹងទៅបន្តបណ្តុះបណ្តាលយុវជន១០០០នាក់ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

លោកលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ចំណាយពេលវេលា៣ថ្ងៃនេះ ក្រេបជញ្ជាក់ចំណេះដឹង ស្តាប់ការណែនាំការបណ្តុះបណ្តាល សម្រាប់ការអនុវត្តគម្រោង ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម ទាក់ទងនឹងការសិក្សារបស់សិស្ស។

 

យុវតី ធា ម៉ារីន តំណាងយុវជនទូតសុឆន្ទៈមកពីខេត្តស្ទឹងត្រែង បានលើកឡើងថា នេះជាឱកាសល្អមួយដែលក្រុមរបស់ខ្លួនមានឱកាសក្នុងការចូលរួមដោះស្រាយបញ្ហានៅក្នុងសហគមន៍ ។ សម្រាប់បញ្ហាដែលក្រុមនេះមើលឃើញ គឺការបោះបង់ការសិក្សារបស់សិស្សានៅថ្នាក់សាកលវិទ្យាល័យ ដោយសារកត្តាគ្រួសារ រួមមាន បញ្ហាសេដ្ឋកិច្ចគ្រួសារ បញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការលះលែងគ្នាដែលធ្វើឱ្យកូនកំព្រា។ កត្តាទាំងនេះហើយបានរារាំងសិស្សឱ្យបោះបង់ការសិក្សា គ្មានគំនិតចង់រៀនបន្តទៀត។

យុវតីរូបនេះបន្តថា តាមរយៈការក្លាយជាទូតសុឆន្ទៈ និងការទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញរបស់ សាលាថេកសឺលូសិន  នឹងអនុវត្តគម្រោងនេះឱ្យកាន់តែមានប្រសិទ្ធិភាព កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្ស៕