(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយនៅកម្ពុជា។ ករណីនៃជំងឺកញ្ជ្រឹលនេះ មានការកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជឹលសរុប៣៧៥ករណីក្នុងខេត្តចំនួន១៧។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងទៀតថា ជំងឺកញ្ជ្រឹល ជាជំងឺបង្កដោយវីរុសមានលក្ខណៈឆ្លងខ្លាំង ហើយរាលដាលលឿនតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ និងស្លាប់បាន ជាពិសេសលើកុមារតូចៗដែលខ្វះអាហារូបត្ថម្ភ។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០២៣មក មានការផ្ទុះរាលដាលនៃជំងឺកផ្អើលនៅបណ្ដាប្រទេសជាច្រើនក្នុងតំបន់និងលើពិភពលោក ដោយសារអត្រាគ្របដណ្ដប់វ៉ាក់សាំងបង្ការជំងឺកញ្ជឹលបានធ្លាក់ចុះ ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថាទៀតថា កម្ពុជារួមជាមួយនឹងប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ នៃការផ្ទុះរាលដាលជំងឺកញ្ជឹលឡើងវិញ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាកុមារ ជនចំណាកស្រុក ប្រជាជនចល័ត និងសហគមន៍នៅតាមព្រំដែនជាដើម។
ក្រសួងសុខាភិបាល កត់សំគាល់ឃើញថា ករណីនៃជំងឺកញ្ជឹលមានការកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជឹលសរុប៣៧៥ករណីក្នុងខេត្តចំនួន១៧។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការផ្ដល់វ៉ាក់សាំងបន្ថែមបង្ការជំងឺកញ្ជ្រឹល-ស្អូច នៅទូទាំងប្រទេសដល់កុមារដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង។ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ របស់ក្រសួងសុខាភិបាល បាននិងកំពុងបន្តតាមដាន ស្រាវជ្រាវយ៉ាងសកម្ម ជាប្រចាំ ដើម្បីស្វែងរកនិងឆ្លើយតបជាបន្ទាន់។
១៖ របៀបចម្លង
* ជំងឺកញ្ជ្រឹលអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែភាគច្រើនកើតមានចំពោះកុមារ។
*ជំងឺកញ្ជឹលឆ្លងតាមផ្លូវដង្ហើម ក្អក ឬកណ្តាស់ មេរោគនៅតែសកម្ម និងចម្លងតាមខ្យល់ ឬលើផ្ទៃដែលមាន
មេរោគរហូតដល់ទៅពីរម៉ោង។
*ជំងឺកញ្ជ្រឹលងាយឆ្លងខ្លាំងណាស់ ប្រសិនបើគេដាក់អ្នកជំងឺកញ្ជ្រឹលម្នាក់នៅក្នុងបន្ទប់ជាមួយនឹងមនុស្ស១០នាក់ផ្សេងទៀត ដែលមិនបានចាក់វ៉ាក់សាំងការពារ នោះ៩នាក់ ក្នុងចំណោមពួកគេនឹងឆ្លងជំងឺកញ្ជ្រឹល
*ជំងឺកញ្ជ្រឹលមានសមត្ថភាពឆ្លង ក្នុងអំឡុងបួនថ្ងៃ មុនពេលចាប់ផ្តើមចេញកន្ទួលក្រហម រហូតដល់ទៅបួនថ្ងៃ បន្ទាប់ពីកន្ទួលក្រហមរលុបបាត់។
២៖ រោគសញ្ញា
* ជាទូទៅរោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស
* រោគសញ្ញាដំបូងច្រើន កើតមានក្នុងរយៈពេល ៤ ទៅ៧ ថ្ងៃ មានហៀរសំបោរ ក្អក ភ្នែកក្រហម ហូរទឹកភ្នែក, មានចំណុចពណ៌សតូចៗនៅខាងក្នុងថ្ពាល់
* កន្ទួលក្រហមលើស្បែក គឺជារោគសញ្ញាចម្បង មានលើមុខ ផ្នែកខាងលើនៃក រោគសញ្ញានេះកើតមាន ៧ទៅ១៨ថ្ងៃបន្ទាប់ពីឆ្លង រួចរាលដាលពេញរាងកាយរហូតដល់ដៃជើងក្នុងរយៈពេល៣ថ្ងៃ។ កន្ទួលក្រហម និងរលុបបាត់ក្នុងអំឡុង ៥ទៅ៦ថ្ងៃ។
ផលវិបាករួមមាន៖ ពិការភ្នែក, ជំងឺរលាកខួរក្បាល (ការបង្ករោគបណ្តាលឱ្យហើមខួរក្បាល និងអាចប៉ះពាល់ដល់ខួរក្បាល), រាកធ្ងន់ធ្ងរ និងអាចបាត់បង់ជាតិទឹកក្នុងរាងកាយ, ឆ្លងមេរោគក្នុងត្រចៀក, បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត,ប្រសិនបើស្រ្តីមានជំងឺកញ្ជ្រឹលអំឡុងពេលមានផ្ទៃពោះ អាចបង្កគ្រោះថ្នាក់ដល់ម្តាយ ហើយអាចបណ្ដាលឱ្យទារករបស់គាត់កើតមិនគ្រប់ខែ និងមានទម្ងន់ទាប។
ផលវិបាកភាគច្រើនកើតមានចំពោះកុមារអាយុក្រោម ៥ ឆ្នាំ កុមារខ្វះអាហារូបត្ថម្ភ ជាពិសេសបុគ្គលដែលមិនមានវីតាមីនអាគ្រប់គ្រាន់ បុគ្គលមានប្រព័ន្ធការពាររាងកាយខ្សោយ
អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកមានជំងឺរ៉ាំរ៉ៃ។ វីរុសកញ្ជ្រឹលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយងាយឆ្លងមេរោគផ្សេងៗដទៃទៀត បង្កលក្ខណៈឱ្យកុមារកាន់តែងាយរងគ្រោះខ្លាំង។
៣៖របៀបបង្ការ
* មធ្យោបាយដ៏ល្អបំផុត ក្នុងការបង្ការការកើតជំងឺកញ្ជ្រឹល និងទប់ស្កាត់នៃការផ្ទុះរាលដាលនៃជំងឺកញ្ជ្រឹល គឺមានតែការចាក់វ៉ាក់សាំងចំនួនពីរដង ក្នុងវ័យកុមារភាព តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ
* ដោយសារមានការកើនឡើងនៃជំងឺកញ្ជ្រឹលឡើងវិញ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់មាតា បិតា និងអាណាព្យាបាលកុមារ សូមនាំកុមារដែលមានអាយុចាប់ពី៩ខែដល់៥៩ខែ ដែលមានការខកខានមិនបានទទួលវ៉ាក់សាំង មកទទួលថ្នាំបង្ការជំងឺកញ្ជឹ្រល-ស្ទូច ឱ្យបានពីរដូស និងគ្រប់គ្នា នៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យនៅទូទាំងប្រទេសប្រសិនជួបករណីសង្ស័យជំងឺកញ្ជឹ្រល ដូចជាមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ហៀរសំបោរ និងកន្ទួលក្រហម សូមនាំកុមារមកពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតផ្ទះរបស់លោកអ្នក៕