(កំពង់ចាម)៖ ថ្លែងចេញពីខេត្ដកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រោយពេលមានប្លង់រឹងរួចរាល់ហើយ មិនមាននរណាមកយកដីប្រជាពលរដ្ឋ បានទៀតនោះឡើយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោងនេះ គឺយើងឃើញថា ដើម្បីឲ្យដីមានផ្ដល់ប្រយោជន៍ ទាល់តែមានកម្មសិទ្ធស្របច្បាប់ច្បាស់លាស់ [...] បើមានកម្មសិទ្ធអត់ខ្លាច មានពីណាដេញចេញនោះទេ»។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវាស់វែងដីធ្លី ធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ជម្លោះប្រជាពលរដ្ឋ និងកសាងផែនការអភិវឌ្ឍន៍ មានភាពងាយស្រួល។
បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, រយៈពេល១៦ខែ នៃនីតិកាលទី៧ រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីក្បាលដី បានជាង៣លានក្បាលដី និងចេញបណ្ណកម្មសិទ្ធិបាន៨ម៉ឺន ៧ពាន់ក្បាលដី និងនៅសល់ប្រមាណ ១លាន ៣សែនក្បាលដី មិនទាន់វាស់វែង ហើយគ្រោងបញ្ចប់ការវាស់វែងនៅឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈលទ្ធផលការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ បង្ហាញថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើការងារពិត ទទួលបានលទ្ធផលជាក់ស្តែង មិនធ្វើតែលើក្រដាស ធ្វើតែលើក្បាលមេក្រូ ឬធ្វើតាមហ្វេសប៊ុកនោះទេ។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តជំរុញការចុះបញ្ជីដីធ្លី បង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥។
សម្តេចបវរធិបតី បន្ដទៀតថា រដ្ឋបាលខេត្តត្រូវចូលរួមអនុវត្តកិច្ចការនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់រាជធានី-ខេត្ត ចុះចែកបណ្ណកម្មសិទ្ធិ ឱ្យដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ៕