(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនែកម្ពុជា បានថ្លែងថា នៅក្នុងរយៈពេល១៦ខែនៃនីតិកាលទី៧ រាជរដ្ឋាភិបាល បានវាស់វែងចុះបញ្ជីក្បាលដីជូនដល់បងប្អូនប្រជាពលរដ្ឋ បានជាង៣លានក្បាលដី និងចេញបណ្ណកម្មសិទ្ធិបាន ៨ម៉ឺន៧ពាន់ក្បាលដី ខណៈផ្ទៃដីដែលនៅសល់មានប្រមាណ ១លាន៣សែនក្បាលដី ដែលមិនទាន់វាស់វែង ប៉ុន្តែគ្រោងបញ្ចប់ការវាស់វែងនៅឆ្នាំ២០២៥ខាងមុខ។
ការថ្លែងរបស់សម្ដេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «អញ្ចឹងនៅក្នុងអាណិត្តមុនទី៦នេះ បើតាមទិន្និន័យដែលមាន គឺអាណត្តិមុនយើងបានវាស់វែង ៧លាន៧សែនក្បាលដី ហើយរៀបចំចែកបណ្ណជូនប្រជាជនបាន៧លានក្បាលដី។ អញ្ចឹងនៅក្នុងអាណ្ណត្តិទី៧នេះ បើយើងរាប់ទៅខ្វះតែ១ថ្ងៃគ្រប់១៦ខែ ព្រោះយើងចាប់ផ្ដើមថ្ងៃ២២ ខែ០៨ ឆ្នាំ២០២៣ ហើយឥលូវយើងថ្ងៃ២១ ខែ១២ ឆ្នាំ២០២៤ ស្អែកថ្ងៃ២២ គ្រប់១៦ខែ»។
សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា៖ «ក្នុងរយៈពេលដ៏ខ្លីនេះ រាជរដ្ឋាភិបាលបានជម្រុញការចុះបញ្ជីក្បាលដីបន្ថែមបាន ៣លាន៤សែនក្បាលដី ហើយមកដល់ម៉ោងនេះយើងចេញបណ្ណបាន ៨ម៉ឺន៧ពាន់ហើយ ហើយយើងនៅសល់ប្រហែល១លាន៣សែនក្បាលដីទៀត ដែលត្រូវវាស់វែងបញ្ចប់នៅក្នុងពេលឆាប់ៗខាងមុខនៅទូទាំងប្រទេស ហើយយើងខិតខំធ្វើយ៉ាងណា ឱ្យគោលដៅរបស់យើងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងការវាស់វែងចុះបញ្ជីក្បាលដី។ ដើម្បីឈានទៅដល់ការចែកបណ្ណជូនប្រជាពលរដ្ឋ ដែលត្រូវទទួលបាននៅក្នុងអំឡុងឆ្នាំ២០២៧ និយាយរួមជិត៤០ឆ្នាំ នៃខួបនៃការផ្ដល់ដីសម្បទាន។ អញ្ចឹងខ្ញុំសូមជូនព័ត៌មាននេះជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាប ដែលបងប្អូនជាង១ម៉ឺននាក់នៅទីនេះទទួលថ្ងៃនេះ គឺជាផ្នែកមួយនៃប្រជាពលរដ្ឋរាប់លានក្បាលដីទៀត រាប់សែនគ្រួសារទៀត ដែលនឹងបានទទួលផលទូទាំងប្រទេសអំពីការរៀបចំចុះបញ្ជីក្បាលដី និងផ្ដល់កម្មសិទ្ធិជូននៅក្នុងអាណ្ណត្តិនេះ សូមអបអរសាទរ»។
សម្ដេចមហាបវរធិបតី បានមានប្រសាសន៍បន្តថា៖ «បើរដ្ឋធ្វើបាបប្រជាជន មិនគិតគូរពីប្រជាជនរឿងដីធ្លី ធ្វើបាបតែប្រជាជនដូជគេនិយាយនោះ មិនមែនដាក់គោលការណ៍ដើម្បីរៀបចំវាស់វែងចែករាប់លានក្បាលដីជូនប្រជាពលរដ្ឋនោះទេ គឺយើងធ្វើដើម្បីឱ្យដល់ដៃប្រជាពលរដ្ឋ។ ជម្លោះវិវាទយើងមានពិតណាស់ ប៉ុន្តែការឈានដោះស្រាយដើម្បីបញ្ចប់ យើងត្រូវធ្វើតាមវិធីសាស្រ្តត្រឹមត្រូវ យើងមិនដោះស្រាយតាមហ្វេសប៊ុកទេ យើងមិនដោះស្រាយតាមយន្តការត្រឹមស្រែកអាឡេអាឡូនោះទេ យើងដោះស្រាយតាមយន្តការពិតក្រុមការងារពិត ទម្លាក់ថវិកាពិត ដាក់គោលនយោបាយប្រើបច្ចេកវិទ្យាពិត វាស់វែងពិត ធ្វើបានពិត ចែកពិតជូនប្រជាពលរដ្ឋ មិនមែនចែកលើតាមហ្វេសប៊ុកនោះទេ»។
តាមរយៈលទ្ធផលការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះបានបង្ហាញថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើការងារពិតទទួលបានលទ្ធផលជាក់ស្តែងមិនធ្វើតែលើក្រដាស ធ្វើតែលើក្បាលមេក្រូ ឬធ្វើតាមហ្វេសប៊ុកនោះទេ។ សម្ដេចមហាបវរធិបតី បានបញ្ជាក់ទៀតថា ការវាស់វែងដីធ្លីធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ជម្លោះប្រជាពលរដ្ឋ និងកសាងផែនការអភិវឌ្ឍមានភាពងាយស្រួល៕