(កំពង់ចាម)៖ ថ្លែងចេញពីវេទិកាសាធារណៈមួយនាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ​ បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមិនត្រូវចូលរួមធ្វើសកម្មភាពដុតបំផ្លាញប្រទេសនោះឡើយ។

ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាល ដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ ដើម្បីប្រជាពលរដ្ឋរីកចម្រើ​ន ហើយថារាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តែងឈ្នះក្រុមប្រឆាំង ព្រោះរាជរដ្ឋាភិបាលធ្វើពិត ហុចផលពិតជូនប្រជាពលរដ្ឋ។

សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ប្រជាពលរដ្ឋដូច្នេះថា «កុំឱ្យដើរថយក្រោយ មានតែយើងបន្តដំណើរទៅមុខ យើងបន្តកសាងអភិវឌ្ឍន៍ បន្តថែរក្សាសុខសន្តិភាពជាមួយគ្នា បន្តដាក់ចេញនូវគោលនយោបាយ បម្រើប្រជាពលរដ្ឋតទៅទៀត ហើយសុំឱ្យប្រជាជនបន្តជឿទុកចិត្ត និងផ្តល់ការទុកចិត្ត ទៅដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលខ្ញុំថាមិនមែនល្អឥតខ្ជោះនោះទេ ប៉ុន្តែយើងខិតខំអស់លទ្ធភាព ដើម្បីឱ្យកាន់តែល្អប្រសើរ ឈានទៅរកការអភិវឌ្ឍបន្ថែមទៀត ជូនប្រជាពលរដ្ឋ សូម អ៊ុំ ពូ មីង បងប្អូន ជឿទុកចិត្តចុះ ហើយទី២៖ កុំចូលរួមជាមួយការអំពាវនាវណា ដែលនាំទៅដល់ការដុតប្រទេស ដុតស្រុក ដុតភូមិ ធ្វើឱ្យយើងបែកបាក់ឡើងវិញ តែប៉ុណ្ណឹងបានហើយ»

សម្តេចបន្ថែមថា ក្រុមប្រឆាំងពូកែលាបពណ៌ ដែលពីមុនៗ នៅពេលមានអ្នកនិយាយគាំទ្រដល់រាជរដ្ឋាភិបាល លើឡើងពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចគេចោទថាជា «យួន» ឥឡូវគេថា «លក់ក្បាល» នេះជាការលាបពណ៌ដ៏អាក្រក់។

សម្តេចបវរធិបតីបានថ្លែងទៀតថា ពេលនេះសម្តេចមិនខ្វល់ពីការជេរ ឬការរិះគន់របស់ក្រុមប្រឆាំងនោះទេ ការនិយាយរបស់ពួកគេ មិនបានធ្វើឱ្យសម្តេចឈឺក្បាលទេ អ្វីដែលសម្តេចត្រូវខ្វល់នោះ គឺការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យទាន់ពេលវេលា៕