(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
បើតាមការផ្សាយរបស់នាយកដ្ឋានសិល្បៈទស្សនីយភាព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បច្ចុប្បន្ននេះ អតីតក្រុមល្ខោនអាប៉េស្ទៀង ភាគច្រើនរស់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
កិច្ចសិក្សាស្រាវជ្រាវ មានគោលបំណងដើម្បីប្រមូលព័ត៌មាន និងគ្រោងចងក្រងទុកជាវីដេអូឯកសារ នូវល្ខោនដ៏កម្រមួយនេះសម្រាប់ទុកជាកិច្ចការស្រាវជ្រាវបន្ត។ ពិសេស នាយកដ្ឋានសិល្ប និងមន្ទីរវប្បធម៌ទាំង២ នឹងស្វែងរកយន្តការដើម្បីធ្វើយ៉ាងណាឲ្យល្ខោនអាប៉េស្ទៀង រស់ឡើងវិញ៕