(ភ្នំពេញ)៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ចេង អុីង ជំនាញវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាល់ម៉ែត និងជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានជ្រើសរើសជាសមាជិក ( Membre Associé 2024 ) របស់បណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ ( Académie Nationale de Chirurgie )។
ប្រវត្តិនៃការសិក្សា និងការងាររបស់លោកសាស្ត្រាចារ្យ ចេង អុីង
• ២០០១-២០០៧: បរិញ្ញាបត្រវេជ្ជសាស្ត្រទូទៅ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
• ២០០៧-២០១១: វេជ្ជបណ្ឌិតឯកទេសល្យសាស្ត្រទូទៅ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
• ២០១២-២០១៣: វេជ្ជបណ្ឌិតឯកទេសវះកាត់ខួរក្បាល និងឆ្អឹងកងខ្នង នៅ Université Paul Sabatier ប្រទេសបារាំង
• ២០១៤-បច្ចុប្បន្ន:សាស្ត្រាចារ្យជំនួយបង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រផ្នែក Ethics and Professionalism.
• ២០១០-២០១៤: វេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ នៅមន្ទីពេទ្យកេតុមាលា
• ២០១៤-បច្ចុប្បន្ន: សាស្ត្រាចារ្យឯកទេសវះកាត់ខួរក្បាល និងឆ្អឹងកងខ្នងដោយចោះបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត
• ២០២១-បច្ចុប្បន្ន: សមាជិកសមាគមអន្តរជាតិវះកាត់ដោយចោះ (ISUBE)
• ២០២២-បច្ចុប្បន្ន: សមាជិកសមាគម The Pituitary Society
• ២០២៤: អនុប្រធានសមាគមសល្យសាស្ត្រប្រព័ន្ធប្រសាទកម្ពុជា
• ២០២៤: សមាជិកបណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់
គួររំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ លោកសាស្ត្រាចារ្យបានធ្វើបទបង្ហាញដោយផ្ទាល់នៅបណ្ឌិតសភាជាតិបារាំងផ្នែកវះកាត់ អំពីការអភិវឌ្ឍផ្នែកវះកាត់ប្រព័ន្ធប្រសាទនៅក្នុងប្រទេសកម្ពុជាក្រោយរបបប្រល័យពូជសាសន៍ពលពត រហូតមកដល់ពេលបច្ចុប្បន្ន។
លោកសាស្ត្រាចារ្យ ចេង អ៊ីង ក៏បានសង្កត់ធ្ងន់នូវការខិតខំប្រឹងប្រែងក្រោយពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ពោលគឺធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលនៅសេសសល់ក្រោយពីការសម្លាប់រង្គាលក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដោយការខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្វើឲ្យគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរវិស័យសុខាភិបាលមានការរីកចម្រើនទៅមុខជាលំដាប់ ហើយក៏បានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បណ្ឌិតសភាជាតិវះកាត់នៅប្រទេសបារាំង គឺជាស្ថាប័នដ៏មានកិត្យានុភាពដល់ការផ្សព្វផ្សាយ និងការអភិវឌ្ឍនៃការវះកាត់ដែលត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសតាំងពីឆ្នាំ ១៧៣១។ នៅដើមសតវត្សទី១៩ បណ្ឌិត្យសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវដ្តនៃការអនុវត្តវះកាត់ និងក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកវះកាត់។ វាជាកន្លែងជួបជុំសម្រាប់គ្រូពេទ្យវះកាត់ល្បីឈ្មោះ និងបានរួមចំណែកក្នុងការកែលម្អបច្ចេកទេសវះកាត់។
បណ្ឌិតសភាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រៀនផ្នែកវះកាត់នៅប្រទេសបារាំង តាមរយៈការរៀបចំសន្និសីទ សិក្ខាសាលា និងការបោះពុម្ពផ្សាយការងារស្រាវជ្រាវ ហើយក៏បានដើរតួយ៉ាងសំខាន់ក្នុងការកំណត់ស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់ការអនុវត្តការវះកាត់។
សតវត្សទី២០ និងបន្តររហូតមកដល់បច្ចុប្បន្ន បណ្ឌិតសភាបានបន្តវិវឌ្ឍតាមពេលវេលា ដោយបញ្ចូលបច្ចេកវិទ្យាថ្មីៗ និងការសម្របខ្លួនទៅនឹងភាពជឿនលឿនក្នុងវិស័យវះកាត់ ហើយបណ្ឌិតសភានៅតែជាតួអង្គសំខាន់ ក្នុងការបន្តការបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ និងក្នុងការលើកកម្ពស់ការស្រាវជ្រាវផ្នែកវះកាត់ សព្វថ្ងៃនេះបណ្ឌិតសភាវះកាត់ជាតិបារាំង គឺប្រមូលផ្តុំគូ្រពេទ្យវះកាត់មកពីឯកទេសផ្សេងៗគ្នា ហើយបន្តលើកកម្ពស់ឧត្តមភាពក្នុងការវះកាត់ តាមរយៈការបោះពុម្ពផ្សាយបែបវិទ្យាសាស្ត្រ សន្និសីទ និងការបណ្តុះបណ្តាលឯកទេស។បណ្ឌិតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្តង់ដារខ្ពស់ក្នុងការអនុវត្តការវះកាត់ និងគាំទ្រការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងវិស័យនេះ។ នៅក្នុងឆ្នាំ ២០១៤ មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលជាអគ្គនាយកមន្ទីរពេទ្យ ហើយបច្ចុប្បន្នឯកឧត្តមសាស្ត្រាចារ្យជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
បច្ចុប្បន្នមជ្ឈមណ្ឌលនេះដើរតួយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជា ដែលមានបញ្ហាខួរក្បាលនិងឆ្អឹងកងខ្នង ដែលជំងឺទាំងនោះរួមមាន ដុំសាច់ខួរក្បាល ឈាមកកខួរក្បាល ដុំសាច់ឆ្អឹងកងខ្នង គាបសរសៃ និងបាក់ឆ្អឹងកងខ្នងជាដើម។ សព្វថ្ងៃមជ្ឈមណ្ឌលបំពាក់ដោយសម្ភារៈវះកាត់ទំនើបៗគ្រប់គ្រាន់ដូចបណ្ដាប្រទេសអភិវឌ្ឍ និងមានគ្រូពេទ្យជំនាញគ្រប់គ្រាន់ ដើម្បីធានាឲ្យបាននូវការសង្គ្រោះជីវិតឱ្យមានប្រសិទ្ធភាព និងស្តង់ដារខ្ពស់ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។
ជាទីបញ្ចប់លោកសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកម្ពុជា និង ក្រុមគ្រូពេទ្យវះកាត់ប្រទេសបារាំង ជាពិសេសលោកសាស្ត្រាចារ្យ Franck-Emmanuel Roux, Pr. Jacques Baulieux, Pr. Claude Dumurgier, Pr. Francois Xavier Roux និង Maman Sylvie Simonnet ដែលជានិច្ចជាកាលតែងតែផ្ដល់នូវឱកាសនិងការសហការយ៉ាងរលូនដល់ក្រុមគ្រូពេទ្យកម្ពុជាក្នុងន័យអភិវឌ្ឍ និងបណ្ដុះបណ្ដាលបន្តរឲ្យក្រុមគ្រូពេទ្យកម្ពុជា ពង្រឹងសមត្ថភាពគ្រប់គ្រាន់ដើម្បីពិនិត្យព្យាបាលសង្គ្រោះជីវិត ជូនប្រជាពលរដ្ឋកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់៕