(កំពង់ស្ពឺ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា តាមការសន្យារបស់ពួកគេ, អ្នកវិនិយោគមកដាក់ទុនវិនិយោគប្រមាណ ២,០០០លានដុល្លារ ចូលខេត្តកំពង់ស្ពឺ
ការលើកឡើងនេះធ្វើឡើងនាឱកាសចូលរួមទស្សនកិច្ចក្រុមហ៊ុន Agile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមពីអ្នកវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនរូបផ្សេងទៀត តបតាមការអញ្ជើញដែលរៀបចំឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន។
សូមរំលឹកថា ក្រុមហ៊ុន Agile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltdបច្ចុប្បន្នក្រុមហ៊ុនមានបុត្រសម្ព័ន្ធបាននិងកំពុងតែដំណើរការសាងសង់សួនឧស្សាហកម្មមួយ ស្ថិតនៅទឹកដីខេត្តកំពង់ស្ពឺ ដែលមាន៦រោងចក្រ សាងសង់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ៥,០០០នាក់។
ក្នុងដំណើទស្សនកិច្ចនេះដែរ ក៏មានក្រុមហ៊ុនចំនួន២៥ទៀត កំពុងការចាប់អារម្មណ៍ខ្លាំងត្រៀមខ្លួន មកបើកអាជីវកម្មមុខរបររបស់ខ្លួននៅទឹកដីខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ទុនវិនិយោគ២,០០០លានដុល្លារ ទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរបស់របរធ្វើដំណើរ គ្រឿងសង្ហារឹមដេគ័រលំនៅឋានហាងផ្សេងៗ ហើយតម្រូវការកម្លាំងពលកម្មប្រមាណ៣០,០០០នាក់។
លោកអភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺមានរោងចក្រចំនួន៣០ ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ បច្ចុប្បន្នខេត្តមានរោងចក្រប្រមាណ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ-កម្មការិនីជាង២សែននាក់កំពុងធ្វើការ ហើយក្នុងចំណោមរងចក្រទាំងនោះអ្នកវិនិយោគប្រមាណ ៩០% ជាជនជាតិចិន។
ដោយសារតែកំណើននេះ អភិបាលខេត្តកំពង់ស្ពឺមានការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការដឹកនាំ ពិសេសគឺការផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគនិងឱកាសការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕