(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយ អំពីសហគមន៍កសិកម្មទំនើប ជូនដល់ប្រជាពលរដ្ឋ ចំនួន១៤៥នាក់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោក ហៀម ឃួន អភិបាលរងខេត្ត និងអនុប្រធានអចិន្រ្តៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងលោក ជា សាំងដូណា ប្រធាននាយកដ្ឋានសហគមន៍ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីនេះត្រូវបានរៀបចំឡើង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងបរិវេណសាលាបឋម អនុ និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។
បន្ទាប់ពីលោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ថ្លែងនូវការស្វាគមន៍នោះរួចមក, លោក ជា សាំងដូណា ប្រធាននាយកដ្ឋានសហគមន៍ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើបទបង្ហាញ ពីគោលគំនិតជារួម របស់សហគមន៍កសិកម្មទំនើប យន្តការគាំទ្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះសហគមន៍កសិកម្មទំនើប លក្ខខណ្ឌទទួលបានឥណទានដែលមានអាត្រាការប្រាក់ទាប និងអត្ថប្រយោជន៍នៃការបង្កើត និងអនុវត្តសហគមន៍កសិកម្មទំនើប។
លោកបានផ្ដល់អនុសាសន៍សំខាន់ៗ ជូនដល់ប្រជាពលរដ្ឋ ១៤៥នាក់ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីត្រៀមខ្លួនសម្រាប់ការចងក្រងសហគមន៍កសិកម្មទំនើប ស្របតាមគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល និងផ្អែកលើបទពិសោធន៍អភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវកម្មវិធីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ទើបក្រសួងកសិកម្មដាក់ពង្រាយមន្ត្រីកសិកម្ម ឃុំ/សង្កាត់ និងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ក្នុងគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារ ឱ្យទៅជាសហគ្រាស សេដ្ឋកិច្ច កសិកម្មរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ បន្ថែមពីនោះ ការផ្សព្វផ្សាយអំពីកសិកម្មទំនើបនេះ បានបន្ថែមការយល់់ដឹងសហគមន៍កសិកម្មបែបទំនើប ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើកសិកម្មរកប្រាក់ចំណូលបានជាប្រចាំ (ប្រចាំថ្ងៃ និងប្រចាំខែ) ដែលមានការឧបត្ថម្ភគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម។ ក្រោយការប្រជុំនិងធ្វើបទបង្ហាញរួចមក តំណាងសហគមន៍កសិកម្ម បានបង្ហាញចំណាប់អារម្មណ៍ និងចង់ប្រែក្លាយខ្លួនជាសហគមន៍កសិកម្មទំនើប គឺសហគមន៍ផលិតកម្មចិញ្ចឹមសត្វ ដាំបន្លែ និងសិប្បកម្មខ្នាតតូចជាដើម។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពខ្ពស់ ដល់វិស័យកសិកម្ម ក្នុងគោលបំណងសម្រួលខ្សែច្រវាក់ផលិតកម្ម រក្សាតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ឱ្យស្ថិតនៅកម្រិតសមរម្យ។ ទើបពេលនេះ កាកបាទក្រហមកម្ពុជា បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសនាយកដ្ឋានសហគមន៍កសិកម្មទំនើប ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹងនេះឡើង ដើម្បីបានយល់កាន់តែច្បាស់ អំពីគោលការសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យ នៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នា ក្នុងទ្រង់ទ្រាយធំ ជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៍៦។
លោកស្រី សង្ឃឹមថា ប្រជាពលរដ្ឋរស់នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង មានផ្ទះ មានដី និងប្រែក្លាយទៅជាភូមិឋានមានផលដំណាំគ្រប់គ្រួសារ ក្នុងពេលនេះ និងទៅថ្ងៃអនាគត ជាក់ជាមិនខានឡើយ៕