(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងថ្ងៃឈប់សម្រាក ពីកិច្ចការងាររដ្ឋបាល បានដឹកនាំចលនាប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស រួមគ្នាសម្អាតអនាម័យ និងបរិស្ថាននៅតាមដងផ្លូវ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ដើម្បីលើកកម្ពស់សោភណ្ឌភាពឃុំ និងទាក់ទាញអ្នកទេសចរមកទស្សនាកម្សាន្ត សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ឱ្យកាន់តែច្រើនឡើង។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា មានប្រសាសន៍ថា បើពិនិត្យទិដ្ឋភាពជារួម ដងផ្លូវឆ្ពោះទៅកាន់ភូមិបណ្តែតទឹកកំពង់លួង គឺមានសម្រាមជាច្រើន ដែលត្រូវសម្អាត។ លោកបានបន្ដថា ការសម្អាតបរិស្ថានតាមដងផ្លូវនេះ ត្រូវធ្វើឱ្យមានគុណភាព សោភណ្ឌភាពស្រស់ស្អាត ហើយមិនមែនធ្វើឱ្យតែល្អមើលនោះទេ។ ពិតណាស់ថា សហគមន៍ភូមិបណ្តែតទឹកកំពង់លួង ជាសហគមន៍ទេសចរណ៍ ដែលកំពុងអនុវត្តសកម្មភាពទេសចរណ៍ ដោយប្រជាសហគមន៍ភាគច្រើន ជាប្រជាពលរដ្ឋខ្មែរ ដែលតាំងទីលំនៅ លើភូមិបណ្តែតទឹកតាំងពីបុរាណកាលមក។ ប្រសិនបើយើង មិនចូលរួមចំណែកការពារបរិស្ថាន និងចោលសំរាមមិនត្រឹមត្រូវទេនោះ ទេសចរនឹងកាត់បន្ថយ ដែលជិះឥទ្ធិពលយ៉ាងខ្លាំង ដល់មុខមាត់ខេត្តរបស់យើង ពិសេសអ្នកស្រុកក្រគរផ្ទាល់តែម្តង។
ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងបង្កើនបរិស្ថានស្អាត និងនាំមកនូវសុខភាពល្អ ក្នុងការរស់នៅ និងប្រកបរបរទទួលទាន របស់ប្រជាសហគមន៍ភូមិបណ្តែតទឹកកំពង់លួង ដែលធ្វើឱ្យស្រុកក្រគររបស់យើង នឹងក្លាយជាស្រុកគ្របដណ្តប់ដោយបរិស្ថានស្អាត បរិយាកាសល្អ ខ្យល់ល្អ រុក្ខជាតិខៀវខ្ចី ជាជង្រុកធនធានមច្ឆជាតិ និងជាទីឋានតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
លោកបានបន្ថែមទៀតថា ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល លោកគ្រោងនឹងផ្តល់រង្វាន់លើកទឹកចិត្ត ដល់រដ្ឋបាលស្រុកក្រុងទាំងឡាយណា ដែលមានបរិស្ថានស្អាតល្អ គ្មានសម្រាម និងគិតគូរក្នុងការងារផ្សព្វផ្សាយ ផុសផុលចលនាសម្អាតបរិស្ថាន តាមភូមិដ្ឋាន និងទីសាធារណៈ។ ជាមួយគ្នានោះ «បើមានសម្រាម អត់ចៅហ្វាយស្រុក បើមានចៅហ្វាយស្រុកអត់សម្រាម, ហើយបើមានសម្រាម អត់មេឃុំ បើមានមេឃុំអត់សម្រាម» នេះជាឃ្លាបំនិន ដែលលោកតែងតែលើកជារ៉ើយៗ ។
លោកបានគូសបញ្ជាក់ផងដែរថា ស្របពេលជាមួយគ្នានោះ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិក នឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសធនធានមច្ឆជាតិ ក្នុងបឹងទន្លេសាប។ យើងត្រូវរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលរៀបចំជូន។
ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានពន្យល់ និងណែនាំ ដល់បងប្អូនប្រជានេសាទ ពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការរឹតបណ្តឹង កិច្ចការងារបង្ក្រាបបទល្មើសនេសាទ ដើម្បីធ្វើយ៉ាងណាឱ្យធនធានជលផលរបស់យើង សម្បូរសប្បាយឡើងវិញ៕