(កណ្ដាល)៖ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថ្លែងជំរុញដល់វេជ្ជបណ្ឌិតទាំងអស់ និងអ្នកដែលប្រកបមុខរបរលើវិជ្ជាជីវៈសុខាភិបាល ត្រូវបង្កើនគុណភាពវេជ្ជសាស្ត្ររបស់ខ្លួន ពិសេសផ្ដោតលើក្រមសីលធម៌ សុជីវធម៌ សមធម៌ សំដៅបម្រើដល់ប្រជាពលរដ្ឋដែលមករកសេវាសុខាភិបាលឲ្យបានល្អជាទីបំផុត។
លោកវេជ្ជបណ្ឌិតថ្លែងយ៉ាងដូច្នេះនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១៥ ខេត្តកណ្តាល នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំមន្ទីរពេទ្យបង្អែកជ័យជំនះ។
លោកវេជ្ជបណ្ឌិតបានលើកឡើងពីគុណតម្លៃនៃវជ្ជាជីវៈពេទ្យដែលចាំបាច់ណាស់រាល់ការបម្រើសេវាដល់ពលរដ្ឋ ចាំបាច់ឈរលើការអាណិត ស្រឡាញ់ និងសណ្ដោសប្រណីដល់អ្នកជំងឺដែលពួកគាត់ពិតណាស់ទុកចិត្តពេទ្យយើង ដោយសង្ឃឹមនិងជឿជាក់ថា ពេទ្យនឹងជួយពួកគាត់ឲ្យបានជាសះស្បើយ។ ដូច្នេះក្នុងនាមយើងជាពេទ្យជំនាញត្រូវយកចិត្តទុកដាក់ដល់ពួកគាត់គ្រប់ៗគ្នាប្រកបដោយស្មើភាព ពាក្យសម្ដី កាយវិការល្អប្រកបដោយសុជីវធម៌ខ្ពស់ ពិសេសត្រូវព្យាបាលពួកគាត់ប្រកបដោយជំនាញពិតប្រាកដ។
លោកវេជ្ជបណ្ឌិតក៏ដាក់ការសង្ឃឹមខ្ពស់ចំពោះពេទ្យទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួនតាមរយៈការសិក្សាលើជំនាញរៀងៗខ្លួនឲ្យកាន់តែខ្លាំងឡើងៗ រួមគ្នាលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរឡើង ពិសេសទទួលបានការសាទរ និងទុកចិត្តពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕