(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អតីតនិស្សិតទទួលបានការសិក្សា​រៀន​សូត្រពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចាត់ទុកសាកលវិទ្យាល័យនេះបានចូលរួម​ចំណែក​យ៉ាងសំខាន់ក្នុងការបង្កើតមូលធនមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយ និងចក្ខុ​វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​គូស​រំលេចបែបនេះ ក្នុងពិធីជួបជុំអតីតនិស្សិត និង​អាហារសាមគ្គីរៀបចំដោយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍​កោះពេជ្រ នាយប់ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤។ ពិធីនេះរៀបចំឡើង ដើម្បី​បង្កើតការជួបជុំគ្នារំឭកអនុស្សាវរីយ៍អំឡុងពេលនិស្សិតសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចែករំលែកបទពិសោធន៍ការងារល្អៗ ដែលបានជួបប្រទះកន្លងមក ពង្រីក និងពង្រឹង​ទំនាក់​ទំនងល្អរវាងគ្នា ដើម្បីកិច្ចសហការកាន់តែជិតស្និទ្ធ និងការអភិវឌ្ឍអាជីព​បន្ថែម​ទៀត។

ពិធីដែលប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយនោះ ក៏មានការអញ្ជើញចូលរួមពី​សំណាក់លោក​បណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រីបណ្ឌិត ឧកញ៉ាបណ្ឌិត ឌួង លាង ស្ថាបនិក និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល និងលោក​ស្រី ក៏ដូចជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តាម​ក្រសួងស្ថាប័ននានា អ្នកឧកញ៉ា ឧកញ៉ា សហគ្រាស ក្រុមហ៊ុន គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងអតីតនិស្សិតប្រមាណ ១,៣០០នាក់។

សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ជាសាកលវិទ្យាល័យឯកជនមួយ ដែលបានចាប់កំណើត​ឡើង​ពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០២ ដែលមានឈ្មោះថា អង្គកា​រវិទ្យាស្ថានអាស៊ីអឺរ៉ុប។ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍជាបន្តបន្ទាប់របស់​ឧកញ៉ា​បណ្ឌិត ឌួង លាង ដែលជាស្ថាបនិកអង្គការមួយនេះ ក៏បានប្រែក្លាយខ្លួនទៅជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៥។ ក្រោមការចុះ​ត្រួត​ពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់លើគុណវុឌ្ឍិតាមកម្រិតស្តង់ដាគុណភាពអប់រំនោះ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ​នៃកម្ពុជា​ផ្តល់ការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាកម្រិតគ្រឹះស្ថានទាំងមូលរយៈពេល៥ឆ្នាំ ជាបន្តទៀត(២០២៣-២០២៧)។

វត្តមានរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរួមចំណែកបណ្តុះបណ្តាលនិស្សិតជាច្រើនរូប​ឱ្យ​ទទួលបានចំណេះដឹងក្លាយខ្លួនទៅជាធនធានមនុស្សដ៏មានសមត្ថភាពនៅក្នុងសង្គម។ ក្នុងនោះក៏មានអតីតនិស្សិតជាច្រើនរូបក្លាយជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តួយ៉ាង​ដូចជាលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាដើម កំពុងបានបំពេញតួនាទីយ៉ាង​សកម្មក្នុងកិច្ចកសាងសង្គមជាតិជាមួយរាជរដ្ឋាភិបាល។

ក្នុងពិធីនេះ មានអតីតនិស្សិតជាច្រើនរូបបានឡើងចែករំលែកបទពិសោធន៍នៃការសិក្សា បទពិសោធន៍ការងារ ក៏ដូចជាបទពិសោធន៍ជីវិតផងដែរ ជូនដល់និស្សិតដែល​កំពុង​សិក្សា​នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

លោក នេត ភក្ត្រា កូនអ្នកស្រែចម្ការពីខេត្តត្បូងឃ្មុំ ផ្ញើវាសនានៅទីអារាមស្រវាវិជ្ជាក្នុង​រាជ​ធានី​ភ្នំពេញ និងជានិស្សិតទទួលបានការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ដែរនោះ បានចាត់ទុកថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដើរតូនាទីយ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាលធនធានមនុស្ស ហើយធនធានមនុស្សដែលបានឆ្លងកាត់នៅសាលានេះ បាននិងកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការបំរើជាតិ និងប្រជាជន ក៏ដូចជា​ការ​ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី បានគូសរំលេចដែរថា សាកលវិទ្យាល័យអាសុីអឺរ៉ុប ក៏បានផ្តល់ក្តីសង្ឃឹម​ដល់កូនចៅប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ តាមរយៈការទទួលបានអាហារូបករណ៍។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណសាកលវិទ្យា​ល័យ​អាសុី​​អឺរ៉ុប ដែលផ្តល់អាហារូបករណ៍ ដល់អ្នកមិនមានលទ្ធភាពបន្តការសិក្សា ឱ្យទទួលបាន​ឱកាស​បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

«សាកលវិទ្យាអាសុីអឺរ៉ុប ក៏ជាផ្នែកមួយចូលរួមកែប្រែអនាគតរបស់ប្រជាជន​កម្ពុជា​មួយ​ចំនួន ជាពិសេសយុវជនដែលមិនមានលទ្ធភាព​ហើយទទួល​បាន​អាហារូបករណ៍ពី​សាកល​វិទ្យាល័យនេះ បានធ្វើឱ្យ​និស្សិតទាំងនោះមានការងារធ្វើ មានចំណូល ធ្វើឱ្យមានអនាគត​រីកចម្រើន»។ នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា។

លោក នេត្រ ភក្ត្រា ចាត់ទុកបេសកកម្មរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្របនឹងគោល​នយោ​បាយរបស់រាជរដ្ឋាភិបាលតាំងពីនីតិកាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់នីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់​ទៅលើការកសាងមូលធនមនុស្សសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកប​ដោយ​បរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យ​សកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច។

ថ្លែងក្នុងពិធីនោះ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យ អ្នកឧកញ៉ា លី ឃុនថៃ ប្រកាសប្តេជ្ញាថែរក្សានូវកិត្តិនាមដ៏រុងរឿងរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង​បន្តអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យឈានទៅរកភាពរីកចម្រើនកាន់តែប្រសើរឡើង ពង្រឹង​ចម្បង​លើគុណភាពអប់រំ រក្សាតម្លៃសិក្សាសមរម្យជូននិស្សិត ពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយបណ្ដាដៃគូជាតិនិងអន្តរជាតិ បង្កើនឱកាសអនុវត្តការងារ ជូនដល់និស្សិត។ ជា​ពិ​សេស​លើកកម្ពស់ការអប់រំតាមបែបឌីជីថលស្របតាមនិន្នាការរីកចម្រើន​ក្នុងតំបន់​ និងនៅ​លើពិភពលោក និងស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា រួម​ចំណែកជួយ​អភិ​វឌ្ឍ​ប្រទេសជាតិ ឱ្យមានភាពរីកចម្រើនថ្មីៗប្រកបដោយនិរន្តភាព និងចីរភាព ក្រោមម្លប់នៃ​សន្តិ​ភាព។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីដ៏រីករាយ និងប្រកបដោយភាពស្និទ្ធស្នាលនោះ ក៏មានការចាប់​រង្វាន់​ផងដែរ រួមមាន វ៉ាលីចំនួន ៥រង្វាន់ បណ្ណស្នាក់នៅតម្លៃ ១០០ដុល្លារក្នុងមួយយប់ ចំនួន ១០រង្វាន់ បណ្ណស្នាក់នៅតម្លៃ ៥០០ដុល្លារ ក្នុងមួយយប់ ចំនួន ៥រង្វាន់ សំបុត្រ​យន្តហោះ (ទៅមក) ចំនួន ២រង្វាន់ ទូរសព្ទ HONOR X6a ចំនួន ៥គ្រឿង HUAWEI Mate pad SE 10.4 ចំនួន ៥គ្រឿង HONOR Pad X9 ចំនួន ៤គ្រឿង ទូរសព្ទ HUAWEI Nova 12i ចំនួន ៣រង្វាន់ ទូរសព្ទ HUAWEI Nova 12i ចំនួន ៣ រង្វាន់នាឡិកាដៃ Apple Watch ចំនួន ១រង្វាន់ ទូរសព្ទ Apple IPhone 16 pro max ចំនួន ២រង្វាន់ និងម៉ូតូចំនួន ២គ្រឿង៕