(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពីសិស្សនិទ្ទេស A ចំនួន១១នាក់ នៅឆ្នាំ២០១៤ មកជាងពីរពាន់នាក់នៅឆ្នាំ២០២៤ គឺជាជោគជ័យ និងជាមោទនភាពរបស់កម្ពុជាលើវិស័យអប់រំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ដែលបានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចប់ថ្នាក់ទី១២ ជាពេលវេលាមួយឈានដល់ការចាប់ផ្តើមម្ចាស់ការលើជីវិតខ្លួនឯង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលបាននិទ្ទេស A ជាភាពជោគជ័យមួយក្នុងជីវិតសិក្សា តែដំណើរជីវិតនៅវែងឆ្ងាយបន្តទៀត ដែលទាមទារការយកចិត្តទុកដាក់ខិតខំបន្តទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរសិស្សទទួលបាននិទ្ទេស A ។ លទ្ធផលនេះ បានមកពីកិច្ចប្រឹងប្រែងរបស់សាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សខ្លួនឯងផ្ទាល់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកំណែទម្រង់ប្រឡងមធ្យមសិក្សាទុតិយភូមិ ជាការធ្វើឱ្យអាណាព្យាបាល និងសិស្ស ផ្លាស់ប្តូរផ្នត់គំនិតពីការរត់ទៅពឹងគេ មកម្ចាស់ការប្រឹងប្រែងពឹងផ្អែកលើសមត្ថភាពផ្ទាល់របស់សិស្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ មិនមែនជាការបញ្ចប់គោលដៅជីវិតនោះឡើយ គ្រាន់តែជាការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈដំណើរជីវិតជាបន្តទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាត់ទុកការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តថា កុំបាក់ទឹកចិត្ត ព្រោះមិនបាននិទ្ទេស A ត្រូវមានទស្សនៈវិជ្ជមាន ហើយលើកទឹកចិត្តខ្លួនឯងប្រឹងប្រែងបន្តទៅទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងជីវិតនេះ មិនមានបុគ្គលណាជោគជ័យជារៀងរហូតនោះឡើយ ដូច្នេះត្រូវចេះលើកទឹកចិត្តខ្លួនឯង ហើយបន្តប្រឹងប្រែងដោយមិនរាថយ មិនចុះចាញ់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសិស្សបញ្ចប់ធម្យមសិក្សាទុតិយភូមិ បន្តប្រឹងប្រែងរៀនឱ្យបានជាប់ជាប្រចាំ ហើយកុំរវើរវាយ ទើបទទួលបានជោគជ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឈានជើងដើរចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច គឺជាការសម្រេចចិត្តមួយក្នុងការប្រឹងប្រែងម្ចាស់ការក្នុងការរស់ដោយខ្លួនឯង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរជីវិតខុសៗគ្នា ប៉ុន្តែគ្មានការជោគជ័យណាមួយ ដែលគ្មានការប្រឹងប្រែង ហើយផ្តេកផ្តួលជាមួយបញ្ហានោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានជំនាញល្អជាងជំនាញណានោះឡើយ សំខាន់គឺត្រូវចេះជំនាញឱ្យច្បាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនអាចអង្គុយតែនិយាយតែពីបញ្ហាក្នុងអតីតកាលនោះទេ គឺត្រូវតែរួមគ្នាប្រឹងប្រែងក្នុងការធ្វើឱ្យកម្ពុជាយើងកាន់តែល្អប្រសើរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងកម្មវិធីអប់រំរបស់ខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ​ម៉ាណែត លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ និងលើកទឹកចិត្តភាសាខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ មិនត្រូវលុបបំបាត់បណ្ណាល័យនៅតាមសាលានោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្នត់គំនិតជោគជ័យសំខាន់ណាស់ សម្រាប់លើកកម្លាំងចិត្តដល់ការប្រឹងប្រែងក្នុងជីវិតសិក្សា និងជីវិតការងារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអាណាព្យាបាល និងគ្រូ ត្រូវរួមគ្នាកែប្រែអត្តចរិតកូនៗ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២៥នាទី នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕