(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលឈរជើងការពារគោលដៅទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ការពារកន្លែងកើតហេតុ ក្នុងករណីមានបទល្មើសណាមួយកើតឡើង ដើម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៨ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា នៅពេលមានបទល្មើសណាមួយកើតឡើង ប្រសិនបើការការពារកន្លែងកើតហេតុមិនបានល្អនោះទេ ច្បាស់ណាស់សមត្ថកិច្ចជំនាញនឹងជួបការលំបាកក្នុងការស្រាវជ្រាវបង្ក្រាប ព្រោះផ្នែកមួយនៃការបង្ក្រាបបទល្មើស គឺជាការប្រមូលភ័ស្ដតាងដែលអាចបន្សល់ទុកនៅកន្លែងកើតហេតុ។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ភ្នាក់ងារសន្តិសុខឯកជននេះ ជាកម្លាំងជំនួយដល់កម្លាំងសមត្ថកិច្ច ក្នុងការចូលរួមចំណែក ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។
ក្នុងន័យនេះ លោកប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានស្នើដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ពិសេសបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងតម្រូវឲ្យមានកិច្ចសហការអោយបានល្អ ជាមួយសមត្ថកិច្ចមូលដ្ឋានត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។
លោកបានអះអាងថា ដើម្បីធ្វើឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន និងពង្រឹងនូវគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ធ្វើយ៉ាងណាឲ្យវិស័យសន្តិសុខឯកជន ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តភាព និងគុណភាពខ្ពស់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា នេះជាលើកទី៦៨ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលទាំងអស់គ្នាកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖
* តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន
* កិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងវិធីសាស្រ្តការពារគោលដៅ
* ច្បាប់ចរាចរណ៍ផ្លូវគោក
* ការស្វែងយល់អំពីបទល្មើស និងនីតិវិធីព្រហ្មទណ្ឌ
* វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ ការសង្គ្រោះបឋម និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕