(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាការធ្វើឲ្យអាណាព្យាបាល និងសិស្ស ផ្លាស់ប្ដូរផ្នត់គំនិតពីការរត់ទៅពឹងពាក់អ្នកដទៃដើម្បីទទួលបានជោគជ័យក្នុងការប្រឡង មកភាពម្ចាស់ការប្រឹងប្រែងពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់បុគ្គលសិស្សម្នាក់ៗ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា លទ្ធផលជោគជ័យរបស់បេក្ខជននៅពេលនេះ គឺបានមកពីកិច្ចប្រឹងប្រែងរបស់សាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សខ្លួនឯងផ្ទាល់។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការប្រឡងរឿងជាប់ធ្លាក់ សុក្រឹត្យភាពជារឿងមួយដែលយើងចង់បាន ប៉ុន្ដែអ្វីជាគោលដៅធំគឺផ្លាស់ប្ដូរផ្នត់គំនិតទើបមានចីរភាព។ ប្ដូរផ្នត់គំនិតពីការពឹងអ្នកក្រៅខ្លួន មកពឹងក្នុងខ្លួន ពីឪពុកម្ដាយដែលខំទៅចរចាលោកគ្រូ អ្នកគ្រូ ឲ្យជាប់ មកជាខំប្រឹងដេញកូនឲ្យទៅរៀន ព្រោះជួយលែងបានហើយ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបី ហ៊ុន ម៉ាណែត, ឪពុក ម្ដាយ អាណាព្យាបាលរូបណាក៏ចង់ឲ្យកូនរបស់ខ្លួនទទួលបានជោគជ័យក្នុងការប្រឡងនេះដែរ ប៉ុន្ដែការជួយកូនឲ្យទទួលជោគជ័យ គឺមានវិធីសាស្ដ្រផ្សេងៗពីគ្នា។ សម្ដេចបានលើកឧទាហរណ៍ថា ប្រសិនបើឪពុក ម្ដាយ រត់ការពឹងអ្នកដទៃដើម្បីឲ្យកូនជោគជ័យត្រឹមការប្រឡងបាក់ឌុបនោះមិនមាននិរន្ដរ៍ភាពឡើយ ព្រោះកូនៗរបស់ពួកគាត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទៀតនៅពេលខាងមុខ ដូច្នេះឪពុក ម្ដាយ មិនអាចដឹកដៃកូនរហូតបានឡើយ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យសិស្សបញ្ចប់ធម្យមសិក្សាទុតិយភូមិ ត្រូវបន្តប្រឹងប្រែងរៀនឲ្យបានជាប់ជាប្រចាំ ហើយកុំរវើរវាយ ទើបទទួលបានជោគជ័យ។ សម្ដេចបញ្ជាក់ថា ដំណើរជីវិតរបស់មនុស្សម្នាក់ខុសៗគ្នា ប៉ុន្តែគ្មានការជោគជ័យណាមួយ ដែលគ្មានការប្រឹងប្រែង ហើយផ្តេកផ្តួលជាមួយបញ្ហានោះឡើយ ដូច្នេះត្រូវតែខំប្រឹងប្រែងបង្កើនសមត្ថភាពផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវការផ្តល់ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។
ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនីតិកាលទី៥ ពោលគឺនៅក្នុងឆ្នាំ២០១៤ សម្តេចតេជោ បានសម្រេចផ្តល់កិត្តិយសឱ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច។ ឆ្នាំ២០១៤ ជាឆ្នាំធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលលោក ហង់ជួន ណារ៉ុន ចូលកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឆ្នាំ២០១៤ មានបេក្ខជនទទួលបាននិទ្ទេស A តែ ១១នាក់ប៉ុណ្ណោះ។
ខាងក្រោមនេះ ជាលទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូត ដល់ឆ្នាំ២០២៤៖
១៖ ឆ្នាំ២០១៤ ការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយ និងលើក ទី២ បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយ។ បេក្ខជនទទួលបាននិទ្ទេស A មាន ចំនួន ១១នាក់
២៖ ឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់ ៥៥,៨៨ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១០៨នាក់
៣៖ ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់ ៦២,១៨ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤០៥នាក់
៤៖ ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់ ៦៣,៨៤ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤២៤នាក់
៥៖ ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់ ៦៧,០៧ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤០៨នាក់
៦៖ ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់ ៦៨,៦២ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤៤៣នាក់
៧៖ ឆ្នាំ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួង បានកំណត់ឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ និងមិនកំណត់និទ្ទេស
៨៖ ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់ ៦៥,៦៥ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៧៥៧ នាក់
៩៖ ឆ្នាំ២០២២ បេក្ខជនប្រឡងជាប់ ៧២,៣៣ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.០៥៨នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)
១០៖ ឆ្នាំ២០២៣ បេក្ខជនប្រឡងជាប់ ៧២,៨៩ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៦៩១នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់)
១១៖ ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់ ៧៩,០០ភាគរយ និងមានបេក្ខជន ទទួលបាន និទ្ទេស A មានចំនួន ២.២២៥នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)៕